ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
លោកុប្បត្តិ 39:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោកដែលជាជនជាតិអេស៊ីបនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាគង់នៅជាមួយយ៉ូសែប ហើយគាត់បានជាមនុស្សជោគជ័យ។ គាត់នៅក្នុងផ្ទះរបស់ម្ចាស់គាត់ដែលជាជនជាតិអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ អាល់គីតាប អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។ |
ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។
នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។
ព្រះបាទអប៊ីម៉ាឡិច និងអស់អ្នកដែលមកជាមួយស្ដេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់បានគង់ជាមួយលោក។
ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច គង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
«មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។
ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។
ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ព្រះអម្ចាស់គង់ជាមួយលោកយ៉ូស្វេ ហើយលោកក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។
រាជបម្រើម្នាក់ទូលថា៖ «ទូលបង្គំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចម្បាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្ដី មានរូបសម្បត្តិល្អស្អាត ហើយព្រះអម្ចាស់ក៏គង់នៅជាមួយដែរ»។
ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ
សាំយូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្ដីដែលលោកថ្លែងក្នុងព្រះនាមរបស់ព្រះអង្គ សុទ្ធតែបានសម្រេចទាំងអស់។