លោកុប្បត្តិ 39 - ព្រះគម្ពីរខ្មែរសាកលយ៉ូសែបនៅផ្ទះប៉ូទីផារ 1 យ៉ូសែបត្រូវគេនាំចុះទៅអេហ្ស៊ីប ហើយជនជាតិអេហ្ស៊ីបម្នាក់ឈ្មោះប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ បានទិញគាត់ពីដៃរបស់ពួកជនជាតិអ៊ីសម៉ាអែលដែលបាននាំគាត់ចុះមកទីនោះ។ 2 ព្រះយេហូវ៉ាគង់នៅជាមួយយ៉ូសែប ហើយគាត់បានជាមនុស្សជោគជ័យ។ គាត់នៅក្នុងផ្ទះរបស់ម្ចាស់គាត់ដែលជាជនជាតិអេហ្ស៊ីប។ 3 ម្ចាស់របស់គាត់ឃើញថាព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយឃើញថាព្រះយេហូវ៉ាប្រទានឲ្យអ្វីៗទាំងអស់ដែលគាត់ធ្វើ បានជោគជ័យក្នុងដៃរបស់គាត់ 4 ដូច្នេះ យ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក ហើយបានបម្រើលោក។ លោកក៏តែងតាំងយ៉ូសែបឲ្យត្រួតលើផ្ទះរបស់លោក ហើយប្រគល់អ្វីៗទាំងអស់ដែលលោកមាន ទៅក្នុងដៃរបស់គាត់។ 5 តាំងពីពេលលោកតែងតាំងយ៉ូសែបឲ្យត្រួតលើផ្ទះរបស់លោក និងលើអ្វីៗទាំងអស់ដែលលោកមាន ព្រះយេហូវ៉ាក៏ប្រទានពរផ្ទះរបស់ជនជាតិអេហ្ស៊ីបនោះដោយសារតែយ៉ូសែប ហើយព្រះពររបស់ព្រះយេហូវ៉ាក៏ស្ថិតនៅលើអ្វីៗទាំងអស់ដែលលោកមាន ទាំងនៅផ្ទះ និងនៅទីវាល។ 6 លោកបានទុកអ្វីៗទាំងអស់ដែលលោកមានក្នុងដៃរបស់យ៉ូសែប ហើយលោកមិនបានខ្វល់ខ្វាយអំពីអ្វីមួយឡើយ លើកលែងតែអាហារដែលលោកហូបប៉ុណ្ណោះ។ រីឯយ៉ូសែបមានរូបរាងសង្ហា និងរូបឆោមស្រស់ស្អាត។ យ៉ូសែប និងប្រពន្ធរបស់ប៉ូទីផារ 7 ក្រោយពីការទាំងនេះមានកើតឡើងដូច្នេះ: ប្រពន្ធរបស់ម្ចាស់យ៉ូសែប ចេះតែដៀងភ្នែកមើលយ៉ូសែប ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ 8 ប៉ុន្តែគាត់បដិសេធ ហើយនិយាយនឹងប្រពន្ធរបស់ម្ចាស់គាត់ថា៖ “មើល៍! លោកម្ចាស់របស់ខ្ញុំមិនខ្វល់ខ្វាយអំពីអ្វីមួយក្នុងផ្ទះទេ ហើយលោកបានប្រគល់អ្វីៗទាំងអស់ដែលលោកមាន មកក្នុងដៃរបស់ខ្ញុំ។ 9 ក្នុងផ្ទះនេះ គ្មានអ្នកណាធំជាងខ្ញុំឡើយ។ លោកមិនបានសំចៃទុកអ្វីមួយពីខ្ញុំឡើយ លើកលែងតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើខ្ញុំនឹងធ្វើអំពើអាក្រក់ដ៏ធំនេះ ព្រមទាំងប្រព្រឹត្តបាបទាស់នឹងព្រះដូចម្ដេចកើត?”។ 10 ទោះបីជានាងនិយាយនឹងយ៉ូសែបជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់មិនព្រមស្ដាប់តាមនាង ដើម្បីរួមដំណេកជាមួយនាង ឬនៅជាមួយនាងឡើយ។ 11 ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលយ៉ូសែបចូលទៅក្នុងផ្ទះដើម្បីធ្វើការងាររបស់គាត់ គ្មានមនុស្សណាម្នាក់ក្នុងពួកអ្នកផ្ទះនៅក្នុងផ្ទះឡើយ 12 នោះប្រពន្ធរបស់ម្ចាស់គាត់ ក៏ចាប់អាវគាត់ជាប់ ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។ ប៉ុន្តែយ៉ូសែបទុកអាវរបស់គាត់ចោលនៅក្នុងដៃនាង ហើយរត់ចេញទៅខាងក្រៅ។ 13 កាលនាងឃើញថាគាត់ទុកអាវរបស់គាត់ចោលក្នុងដៃនាង ហើយរត់គេចទៅខាងក្រៅដូច្នេះ 14 នាងក៏ហៅអ្នកផ្ទះមក ប្រាប់ពួកគេថា៖ “មើល៍! ប្ដីរបស់ខ្ញុំបាននាំអាប្រុសជនជាតិហេព្រើរមកឲ្យពួកយើង ដើម្បីលេងសើចនឹងពួកយើងហើយ! វាបានចូលមកឯខ្ញុំដើម្បីដេកជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានស្រែកដោយសំឡេងយ៉ាងខ្លាំង។ 15 នៅពេលវាឮថាខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅខាងក្រៅ”។ 16 នាងទុកអាវរបស់យ៉ូសែបនៅក្បែរខ្លួន រហូតដល់ម្ចាស់របស់យ៉ូសែបមកដល់ផ្ទះវិញ 17 រួចនាងប្រាប់រឿងដដែលនោះដល់ប្ដីថា៖ “ទាសករជនជាតិហេព្រើរដែលបងបាននាំមកឲ្យយើង បានចូលមកចង់មើលងាយខ្ញុំ 18 ប៉ុន្តែនៅពេលខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់គេចទៅខាងក្រៅ”។ 19 នៅពេលម្ចាស់របស់យ៉ូសែបបានឮពាក្យរបស់ប្រពន្ធដែលនិយាយនឹងលោកថា៖ “ទាសកររបស់បងបានធ្វើរឿងទាំងនេះចំពោះខ្ញុំ” នោះកំហឹងរបស់លោកក៏ឆេះឡើង។ 20 ម្ចាស់របស់យ៉ូសែបក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលគេឃុំឃាំងពួកអ្នកទោសរបស់ស្ដេច ដូច្នេះយ៉ូសែបក៏ជាប់នៅក្នុងគុកនោះ។ យ៉ូសែបនៅក្នុងគុក 21 យ៉ាងណាមិញ ព្រះយេហូវ៉ាបានគង់នៅជាមួយយ៉ូសែប ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់គាត់ គឺព្រះអង្គប្រទានឲ្យយ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់មេគុក។ 22 មេគុកក៏ប្រគល់អ្នកទោសទាំងអស់ដែលនៅក្នុងគុកទៅក្នុងដៃរបស់យ៉ូសែប ដូច្នេះគាត់បានជាអ្នកចាត់ចែងលើអ្វីៗទាំងអស់ដែលគេធ្វើនៅក្នុងគុក។ 23 មេគុកមិនបានត្រួតពិនិត្យអ្វីៗដែលនៅក្នុងដៃរបស់យ៉ូសែបឡើយ ពីព្រោះព្រះយេហូវ៉ាគង់នៅជាមួយគាត់ ហើយអ្វីក៏ដោយដែលគាត់ធ្វើ ព្រះយេហូវ៉ាក៏ប្រទានឲ្យបានជោគជ័យ៕ |