យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក» ។
លោកុប្បត្តិ 28:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សរបស់អ្នកនឹងមានគ្នាច្រើនដូចធូលីដី ហើយអ្នកនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង និងខាងត្បូង គ្រប់ទាំងក្រុមគ្រួសារនៅផែនដីនឹងបានពរដោយសារអ្នក និងពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង អាល់គីតាប ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។ |
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក» ។
ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ!
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំឭកឈ្មោះពុក ឈ្មោះរបស់លោកអប្រាហាំជាជីតា និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងបានទៅជាប្រជាជាតិដ៏ធំ»។
បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។
សូមឲ្យព្រះរាជាមានព្រះនាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យព្រះនាមព្រះករុណា នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណា ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ព្រះរាជាប្រកបដោយព្រះពរ!
សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
តើនរណាអាចរាប់កូនចៅយ៉ាកុប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី*ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។
យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។
ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យសុចរិត ដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ត។
នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។
កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសម្គាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ
ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។