ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
លោកុប្បត្តិ 17:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ ព្រះគម្ពីរខ្មែរសាកល យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។ អាល់គីតាប យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាម្ចាស់របស់ពូជពង្សអ្នក»។ |
ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។
នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។
សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។
លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាបានដែរ។
លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។
ព្រះអង្គមានព្រះបន្ទូលមកពុកថា “យើងនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក
ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជាទឹកដីដែលព្រះអង្គប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ
នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។
យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
ដើម្បីឲ្យពួកគេធ្វើតាមច្បាប់របស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាព្រះរបស់ពួកគេ។
«កូនមនុស្សអើយ អស់អ្នកដែលរស់លើគំនរបាក់បែក ក្នុងទឹកដីអ៊ីស្រាអែល នាំគ្នាពោលថា: “កាលលោកអប្រាហាំនៅតែម្នាក់ឯង លោកកាន់កាប់ស្រុកនេះបានទៅហើយ ចុះចំណង់បើពួកយើងដែលមានគ្នាច្រើន តើពួកយើងទទួលស្រុកនេះមកកាន់កាប់មិនបានឬ!”។
«ពេលអ្នករាល់គ្នាចូលទៅដល់ទឹកដីកាណាន ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាកម្មសិទ្ធិ ប្រសិនបើយើងធ្វើឲ្យមានស្លែ នៅតាមផ្ទះ ក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់
នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។ គេក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។
យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។
តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេហាស និងពូជពង្សរបស់គេ ឲ្យបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេហាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។
នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។
ដ្បិតអ្នកជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
ថ្ងៃនេះព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
ព្រះអម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
«ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។
ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា ព្រះអង្គបានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះអប្រាហាំ អ៊ីសាក និងយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែព្រះអម្ចាស់ ជាព្រះរបស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ព្រះអង្គក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។
ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
«ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។
អ្នកដែលមានជ័យជម្នះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។