លោកុប្បត្តិ 1:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ នឹងឆ្នាំ អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសំគាល់ សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ |
ដរាបណាមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
គ្មាននរណាអាចរាប់ចំនួនកងពល របស់ព្រះអង្គបានទេ ពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ សូម្បីតែព្រះច័ន្ទក៏បាត់រស្មី ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ
សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ
អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។
ព្រះអាទិត្យ និងព្រះច័ន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ!
ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ព្រះអង្គបានដាក់វិន័យមួយ ដែលមិនប្រែប្រួលឡើយ។
ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ ផ្សេងៗនៅលើមេឃ ដូចប្រជាជាតិទាំងឡាយដែរ។
ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យ ឲ្យបំភ្លឺនៅពេលថ្ងៃ ហើយព្រះច័ន្ទ និងហ្វូងតារា បំភ្លឺនៅពេលយប់ តាមពេលកំណត់ ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រ និងមានរលកបក់បោក ព្រះអង្គដែលមានព្រះនាមថា “ព្រះអម្ចាស់នៃពិភពទាំងមូល” មានព្រះបន្ទូលថា៖
«យើងបានធ្វើឲ្យមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃ ដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មី។
នៅថ្ងៃបុណ្យចូលខែថ្មី មេដឹកនាំត្រូវថ្វាយគោស្ទាវឈ្មោលមួយក្បាល កូនចៀមប្រាំមួយក្បាល និងចៀមឈ្មោលមួយក្បាលដែលសុទ្ធតែល្អឥតខ្ចោះ។
ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច នៅពេលថ្ងៃត្រង់ ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។
«លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
«លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ
ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្ដោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបណ្ដោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម
ទេវតាទីបួនផ្លុំត្រែឡើង ស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ ធ្វើឲ្យងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។
ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។