លេវីវិន័យ 23:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយចំនួនប្រាំពីរថ្ងៃ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ នឹងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង អាល់គីតាប នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយ ចំនួនប្រាំពីរថ្ងៃនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ |
មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចម្រើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។
ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ លែងមានទៀតហើយ។
កូនចៅរបស់អ្នកនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀង និងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។
នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុកចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។
រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះថ្វាយព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។
នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។
គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
ត្រូវបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយរួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានពរឲ្យអ្នករាល់គ្នាទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
ដ្បិតយើងឯណេះវិញទេដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។