ភីលីព 3:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕ Khmer Christian Bible ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។ អាល់គីតាប គាត់នឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចរូបកាយ ប្រកបដោយសិរីរុងរឿងរបស់គាត់ដោយអំណាច ដែលធ្វើឲ្យគាត់បង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់គាត់។ |
ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ! សាកសពរបស់គេនឹងក្រោកឡើង! អស់អ្នកដែលដេកក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង! ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ! ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា ព្រះអម្ចាស់នឹងប្រទានពន្លឺមក ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ ឲ្យចេញពីដី មានជីវិតឡើងវិញយ៉ាងនោះដែរ។
តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ? តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ? មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសិស្ស*ទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។
ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
ពេលព្រះគ្រិស្តដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រិស្ត ប្រកបដោយសិរីរុងរឿងដែរ។
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។
ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា» ។