គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
ចោទិយកថា 16:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវបំពានលើច្បាប់ ឬវិនិច្ឆ័យនរណាម្នាក់ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវបង្វែរសេចក្ដីយុត្តិធម៌ឡើយ ក៏មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង។ អាល់គីតាប មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។ |
គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
កុំបណ្ដោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។
នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។
មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
ពេលណាអ្នកប្រាជ្ញប្រើអំណាច សង្កត់សង្កិនអ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។
ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌! ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ ឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ! ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ!
អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ ពួកគេចូលដៃជាមួយចោរ ពួកគេចូលចិត្តសំណូក ហើយគិតតែពីស្វះស្វែងរកជំនូន គឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត និងអ្នកនិយាយការពិត ទើបអាចនៅក្បែរបាន គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ អ្នកមិនព្រមទទួលសំណូក អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ គេបបួលទៅប្រហារជីវិតអ្នកដទៃ អ្នកមិនចង់ឃើញអំពើអាក្រក់។
ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត ពួកគេមិនគិតពីយុត្តិធម៌ទេ ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ ពួកគេចេះតែចម្រើនឡើង ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ
អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ពេលវិនិច្ឆ័យទោស កុំកាត់ក្ដីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នកដោយយុត្តិធម៌។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដង ទើបបាន»។
លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
«ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។
មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
“អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
“អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
កាលលោកសាំយូអែលមានវ័យកាន់តែចាស់ណាស់ហើយ លោកបានតែងតាំងកូនប្រុសៗរបស់លោកឲ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។
ប៉ុន្តែ កូនប្រុសរបស់លោកសាំយូអែលពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្ដីដោយអយុត្តិធម៌។