ទំនុកតម្កើង 15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥មនុស្សដែលព្រះអម្ចាស់សព្វព្រះហឫទ័យ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លា របស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គបាន? 2 គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ 3 គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។ 4 គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់ មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។ 5 គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies