១ របាក្សត្រ 29:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះព្រះអង្គ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាបុព្វបុរសយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។ អាល់គីតាប នៅចំពោះមុខទ្រង់ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្តោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។ |
ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់
ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង នឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្តិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ
ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក នឹងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ
យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួកឰយុកោរបស់ទូលបង្គំបានសំចតនៅនោះទេ
តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ
ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ
គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ
ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល ដែលតែងបាត់ទៅ
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ ទូលបង្គំទាំងអស់គ្នាដែរ
ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។
ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ ដ្បិតតើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ
អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ
ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ