ទំនុកតម្កើង 144 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ។ 1 សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម 2 ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ 3 ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ 4 មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល ដែលតែងបាត់ទៅ 5 ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង 6 សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ 7 សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ 8 ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ 9 ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០ 10 គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់ 11 សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។ 12 ៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណា ដែលចំរើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង 13 ជង្រុករបស់យើងខ្ញុំនឹងបានពេញ ដោយស្បៀងអាហារគ្រប់មុខ ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន ចំរើនឡើងនៅឯវាល 14 គោរបស់យើងខ្ញុំនឹងមានកំឡាំងធ្វើការយ៉ាងធ្ងន់ នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ 15 សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ អើ សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia