Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 29 - អាល់គីតាប


ជំនូន​សម្រាប់​ការ​សាង​សង់​ម៉ាស្ជិទ

1 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «អុលឡោះ​បាន​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ​ធេង​ណាស់ ដ្បិត​ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់។

2 ខ្ញុំ​បាន​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នៃ​ម្ចាស់​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។

3 មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ជូន សម្រាប់​ដំណាក់​នៃ​ម្ចាស់​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ដំណាក់​របស់​អុលឡោះ​ខ្លាំង​ណាស់

4 គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ​ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។

5 ថ្ងៃ​នេះ​តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ជូន​មាស ប្រាក់ ដល់អុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស​អំពី​ប្រាក់?»។

6 ពេល​នោះ​មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្តេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

7 ជូន​ជា​ជំនូន​សម្រាប់​ការ‌ងារ​នៃ​ដំណាក់​របស់​អុលឡោះគឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។

8 អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

9 ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ជូន​ជំនូន​ដល់អុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ស្តេច​ទត​ក៏​មាន​ចិត្ត​រីក‌រាយ​ជា​ខ្លាំង​ដែរ។


ពាក្យ​ទូរអា​របស់​ណាពី​ទត

10 ស្តេច​ទត​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ដោយ​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!

11 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។

12 ទ្រង់​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុង‌រឿង ហើយ​ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ គ្រប់​អំណាច ស្ថិត​នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។

13 អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរ​គុណ និង​កោត​សរសើរ​នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។

14 តើ​ខ្ញុំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ជូន​ទ្រង់? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ជូន​ទ្រង់ ក៏​ជា​របស់​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។

15 នៅ​ចំពោះ​មុខ​ទ្រង់ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្តោះ​អាសន្ន ដូច​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16 ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក​សង់​ដំណាក់ សម្រាប់​នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ សុទ្ឋ​តែ​ជា​អំណោយ​ទាន​របស់​ទ្រង់។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។

17 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា ទ្រង់​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​គាប់​ចិត្ត​នឹង​សេចក្តី​ស្មោះ​ត្រង់។ ហេតុ​នេះ ខ្ញុំ​ស្ម័គ្រ​ចិត្ត​យក​ជំនូន​ទាំង​នេះ មក​ជូន​ទ្រង់​ដោយ​ចិត្ត​ស្មោះ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​មក​ជូន​ទ្រង់​ដែរ។

18 ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជា‌និច្ច​ផង។

19 សូម​ប្រោស​ប្រទាន​ឲ្យ​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិ‌បត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ដំណាក់​ដែល​ខ្ញុំ​ត្រៀម​ទុក​នេះ»។

20 បន្ទាប់​មក​ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​គោរព​ស្តេច។


ណាពី​ស៊ូឡៃ‌ម៉ាន​ឡើង​គ្រង​រាជ្យ

21 លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន និង​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ព្រម​ទាំង​គូរបាន​យ៉ាង​ច្រើន​ទៀត សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។

22 នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ នៅ​ចំពោះអុលឡោះ‌តាអាឡា ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ជា​ស្តេច ព្រម​ទាំង​ចាក់​ប្រេង​តែង‌តាំង​ស្តេច ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក​ជា​អ៊ីមុាំ។

23 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឡើង​នៅ​លើ​បល្ល័ង្ក​ដើម្បី​ស្នង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ទត​ជា​ឪពុក ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ស្តាប់​បង្គាប់​ស្តេច​ស៊ូឡៃ‌ម៉ាន។

24 មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​កូន​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។

25 អុលឡោះ‌តាអាឡា​លើក​តម្កើង​ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​កាន់​តែ​ឧត្តុង្គ‌ឧត្តម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​គាត់​បាន​ថ្កុំ‌ថ្កើង​លើស​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មុនៗ។


ណាពី​ទត​ស្លាប់

26 ស្តេច​ទត​ជា​កូន​របស់​លោក​អ៊ីសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។

27 ស្តេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ​ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

28 ស្តេច​ទត​ស្លាប់​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ស៊ូឡៃ‌ម៉ាន​ជា​កូន បាន​ឡើង​ស្នង​រាជ្យ ត​ពី​ឪពុក។

29 កិច្ចការ​របស់​ស្តេច​ទត​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ណាពី​សាំយូ‌អែល ជា​អ្នក​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​ណា‌ថាន ជា​ណាពី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​អ្នក​ទាយ​ដែរ។

30 គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្តេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្តេច​ក្នុង​ស្រុក​អ៊ីស្រ‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម