១ យ៉ូហាន 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សេចក្ដីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់ ព្រះគម្ពីរខ្មែរសាកល អ្វីដែលយើងបានឃើញ និងបានឮនោះ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានការប្រកបគ្នាជាមួយយើងដែរ; ជាការពិត ការប្រកបគ្នារបស់យើងជាការប្រកបគ្នាជាមួយព្រះបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ។ Khmer Christian Bible ដូច្នេះ អ្វីដែលយើងបានឃើញ និងបានឮនោះ យើងប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ ហើយសេចក្ដីប្រកបរបស់យើងជាសេចក្ដីប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ។ អាល់គីតាប យើងសូមជូនដំណឹងអំពីបន្ទូលរបស់អុលឡោះដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់។ |
៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន បន្ទូលនឹងអញថា ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ
អញនឹងតាំងទីសំគាល់១នៅកណ្តាលពួកគេ ហើយចាត់ពួកគេណាខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅឯស្រុកតើស៊ីស ស្រុកពូល នឹងស្រុកលូឌ ជាសាសន៍ដែលជំនាញធ្នូ ហើយស្រុកទូបាល នឹងស្រុកយ៉ាវ៉ាន ហើយទៅឯកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិសព្ទរបស់អញ ឬឃើញសិរីល្អរបស់អញនៅឡើយ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់អញ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។
អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ
ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត
ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ
នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង
អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ
យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា
«នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។
អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង
គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ
តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រោសលោះដល់យើងផង
ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។
បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង
សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងសេចក្ដីស្រឡាញ់របស់ព្រះ ហើយនឹងសេចក្ដីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្ដីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ
ដូច្នេះ បើសិនជាមានសេចក្ដីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្ដីកំសាន្តណារបស់ផងសេចក្ដីស្រឡាញ់ ឬសេចក្ដីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្ដីថ្និតថ្នម នឹងសេចក្ដីអាណិតអាសូរណា
ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង
ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់
ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបំរើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចំរើនឡើង ដោយការបំរើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្ដីទាំងនេះ ហើយទូន្មានគេចុះ។
ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ»
ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវក នឹងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ
ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ
ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ
ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត
នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ
តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់