១ យ៉ូហាន 1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត 2 (ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ) 3 ដូច្នេះ សេចក្ដីដែលយើងខ្ញុំបានឃើញ ហើយឮនោះ យើងខ្ញុំប្រាប់មកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្ដីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់ 4 យើងខ្ញុំក៏សរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។ 5 នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ 6 បើសិនជាយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ 7 តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់ 8 បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ 9 បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង 10 បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia