១ ធីម៉ូថេ 6:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ព្រះគម្ពីរខ្មែរសាកល ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។ Khmer Christian Bible ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ អាល់គីតាប ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើអុលឡោះដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ |
កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប
ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក កាលទ្រង់លាព្រះហស្តទៅ នោះវាបានឆ្អែតដោយរបស់ល្អ
មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន
កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់
អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។
តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី។
ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ
ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ
ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ
ខណៈនោះ ស្តេចទ្រង់មានបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ
អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយនេះ ឬនៅបរលោកនាយក្តី
នោះព្រះយេស៊ូវ ទ្រង់មានបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់
ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់
ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ
ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ
ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ
លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្ដីជំនឿដល់សាសន៍ដទៃដែរ
ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក
ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្ដីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
ជារបស់ថ្លៃវិសេសនៅភ្នំចាស់បុរាណ នឹងផលថ្លៃវិសេសនៅភ្នំតូចដ៏នៅអស់កល្បជានិច្ច
ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ
ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ
ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ
កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្ដីណាផ្សេងទៀត
ដើម្បីក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត
ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម
ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ នឹងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ
ខ្ញុំផ្តាំមកអ្នក នៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ
ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយនេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា
ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ
ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។