១ ធីម៉ូថេ 3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ពាក្យនេះគួរជឿដែលថា បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានល្អប្រសើរហើយ 2 ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្តដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន 3 មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូត ឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់ 4 ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង 5 បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន 6 មនុស្សណាដែលទើបនឹងជឿថ្មី នោះធ្វើពុំបានទេ ក្រែងកើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់អារក្សវិញ 7 ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ 8 ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង ឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ 9 ត្រូវជាអ្នកកាន់តាមសេចក្ដីអាថ៌កំបាំងរបស់សេចក្ដីជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត 10 មួយទៀត ត្រូវល្បងលចំពោះពួកអ្នកជំនួយទាំងនោះជាមុនដំបូងដែរ រួចបើកាលណាឃើញថា គ្មានកន្លែងចាប់ទោសបានហើយ នោះសឹមឲ្យគេជួយទៅចុះ 11 ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ 12 ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ នឹងផ្ទះខ្លួន ដោយស្រួលបួល 13 ដ្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន នឹងសេចក្ដីក្លាហានក្នុងសេចក្ដីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។ 14 ខ្ញុំសង្ឃឹមថានឹងមកឯអ្នកជាយ៉ាងឆាប់ ប៉ុន្តែ ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នកសិន 15 ដើម្បីក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត 16 ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia