ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 45:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ស៊ីរូស ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ទ្រង់​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​នឹង​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូល​ទៅកាន់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ស៊ីរូស​ជា​អ្នកដែល​ព្រះអង្គ​កាន់​ដៃស្ដាំ​របស់ទ្រង់ ដើម្បី​បង្ក្រាប​ប្រជាជាតិ​នានា​នៅមុខ​ទ្រង់ ហើយ​បន្ធូរ​ខ្សែក្រវាត់​របស់​ពួក​ស្ដេច ដើម្បី​បើក​ទ្វារ​នៅមុខ​ទ្រង់ ហើយ​ទ្វារក្រុង​នឹង​មិន​បិទ​ឡើយ​—— ព្រះអង្គ​មានបន្ទូល​ទៅកាន់​ទ្រង់​ដូច្នេះ​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ទ្រង់​បាន តែង‌តាំង​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។

សូមមើលជំពូក



អេសាយ 45:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ


នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ្យ​ស៊ីរូស ស្តេច​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ព្រះ‌ទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ក៏​បាន​កត់​សេចក្ដី​នោះ​ទុក​ថា


ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា


ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ


ប៉ុន្តែទូលបង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូលបង្គំ


ចូរ​លើក​ទង់​១​សំរាប់​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ​ត្រងិល​ចុះ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ​តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់


អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សំរាប់​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង


តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ


អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ


អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍


អញ​និយាយ​ពី​ស៊ីរូស​ថា​ជា​អ្នក​គង្វាល​របស់​អញ ជា​អ្នក​ដែល​នឹង​សំរេច​តាម​បំណង​ចិត្ត​អញ​ទាំង​ប៉ុន្មាន ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សង់​ឡើង​វិញ នឹង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។


អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ


អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង


ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សំរាប់​នឹង​បំរើ​គេ​ដែរ


ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ហើយ​នឹង​តាំង​បល្ល័ង្ក​របស់​គេ នៅ​ពី​លើ​ថ្ម ដែល​អញ​បាន​លាក់​ទុក​នេះ គេ​នឹង​ដំឡើង​ព្រះ‌រាជ​ពន្លា​របស់​គេ នៅ​ពី​លើ​ផង


ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​១​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស​នឹង​សត្វ​ផង​បាន​រត់​ទៅ គេ​បាត់​អស់​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ នឹង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅហ្វាយ នឹង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង


ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់


ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន‌ជាតិ​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ​ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ‌ហត់​ទៅ។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​គេ ទុក​ជា​បំណាច់​នៃ​ការ​ដែល​គេ​បាន​បំរើ​នោះ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បំរើ​ដល់​អញ។


ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា


រួច​ឃើញ​សត្វ​១​ទៀត ជា​សត្វ​ទី​២ មាន​សណ្ឋាន​ជា​ខ្លា‌ឃ្មុំ ក៏​ឈរ​ចំខែង​ពាំ​ឆ្អឹង​ជំនីរ​៣​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​ដល់​វា​ថា ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើនៗ​ទៅ


ខណៈ​នោះ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​១​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​២ ហើយ​ស្នែង​ទាំង​២​ក៏​វែង មាន​តែ​១​វែង​ជាង ឯ​ស្នែង​១​ដែល​វែង​ជាង បាន​ដុះ​ឡើង​ជា​ខាង​ក្រោយ


ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​នឹង​ទប់​ទល់​បាន​ឡើយ ក៏​គ្មាន​ណា​អាច​នឹង​ជួយ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​ក៏​ដំកើង​ខ្លួន​ឡើង​ផង។


ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​ទៅ


មើល ពួក​ជន​នៅ​ក្នុង​ឯង សុទ្ធ​តែ​ជា​ស្ត្រី​ទទេ ទ្វារ​ស្រុក​ឯង​បើក​ពេញ​ចំហ សំរាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ