ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
អេសាយ 24:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ របស់ព្រះអង្គ។ អាល់គីតាប ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។ |
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
ម៉ារាមនាងក៏ទទួលពាក្យឆ្លើយនឹងគេថា ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ នឹងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតា១ជា៧ គឺដូចជាពន្លឺនៃថ្ងៃ៧រួមមកតែ១ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃរាស្ត្រទ្រង់ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្ដីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត
ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង
អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ
គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ
ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ
ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚
តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ
នោះរាជ្យ នឹងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរ នៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ
គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន
គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន
ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ
ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ
ពួកចាស់ទុំទាំង២៤នាក់ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់លើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា
នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ
ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ
ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបតទៅ។