លោកុប្បត្តិ 33:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់ ព្រះគម្ពីរខ្មែរសាកល អេសាវរត់មកជួបគាត់ ឱបគាត់ ហើយកៀកកគាត់ ព្រមទាំងថើបគាត់ផង រួចពួកគេទាំងពីរក៏យំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវរត់មកជួប ហើយឱបថើប រួចយំជាមួយគ្នាទាំងពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវរត់មកជួបលោក រួចឱបលោកទៀតផង។ គាត់ឱបកលោក ថើបលោក ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ អាល់គីតាប អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ |
កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់
សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយទាំងកូនផង
រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង
យ៉ូសែបក៏ប្រញាប់ប្រញាល់ទៅរកកន្លែងយំ ពីព្រោះគាត់មានសេចក្ដីក្តួលនឹងប្អូនខ្លាំងណាស់ នោះគាត់ចូលទៅយំក្នុងបន្ទប់
មានគេយកចំណែកភោជនាហារពីចំពោះគាត់ទៅឲ្យគេគ្រប់គ្នា តែបេនយ៉ាមីនបានលើសជាងគេ១ជា៥ភាគ នោះទាំងអស់គ្នាក៏បានបរិភោគ ដោយអរសប្បាយជាមួយគ្នាទៅ។
ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភ័ក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។
ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ នឹងសេចក្ដីអធិស្ឋានរបស់ពួកអ្នកបំរើទ្រង់ ដែលកោតខ្លាចដល់ព្រះនាមទ្រង់ ដោយអំណរ ហើយសូមចំរើនដល់ទូលបង្គំជាអ្នកបំរើទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តា ដល់ទូលបង្គំនៅថ្ងៃនេះ (រីឯខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច)។
កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្តាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ។
ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។
នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា
កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង