ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ
យេរេមា 30:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ អាល់គីតាប យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ |
ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ
ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ
ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់។
ទ្រង់មានបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។
ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី
មួយទៀតពន្លឺនៃព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺនៃព្រះអាទិត្យនឹងភ្លឺជាងធម្មតា១ជា៧ គឺដូចជាពន្លឺនៃថ្ងៃ៧រួមមកតែ១ នៅគ្រាដែលព្រះយេហូវ៉ាបានរុំកន្លែងបាក់បែកនៃរាស្ត្រទ្រង់ ហើយប្រោសឲ្យកន្លែងដែលគេត្រូវវាយបានជាវិញ។
ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថាខ្ញុំឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង។
ដ្បិតព្រះទ្រង់មានបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានហៅឯងទុកដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយ ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំឡោះ ដែលត្រូវបង់ចោលហើយ
ព្រះអម្ចាស់យេហូវ៉ា ជាព្រះដែលប្រមូលអស់អ្នក ដែលត្រូវបំបរបង់ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែលដែលបានប្រមូលហើយ។
អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង
គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង
ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ
ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ
ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
ឯងមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំង២ដែលព្រះយេហូវ៉ាបានរើសតាំង នោះទ្រង់បានបោះបង់ចោលវិញ ទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់រាស្ត្រអញ ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ
មើល អញនឹងនាំសេចក្ដីសុខស្រួល នឹងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ នឹងសេចក្ដីពិតជាបរិបូរឲ្យគេឃើញ
តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។
អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ
អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញ ឲ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចំរើនកំឡាំងដល់ណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកំឡាំង នោះអញនឹងបំផ្លាញវាបង់ គឺអញនឹងឃ្វាលវា ដោយសេចក្ដីវិនិច្ឆ័យវិញ។
នោះឯងនឹងដឹងថា អញនេះគឺព្រះយេហូវ៉ាបានឮអស់ទាំងពាក្យត្មះតិះដៀល ដែលឯងបានពោល ទាស់នឹងភ្នំនៃស្រុកអ៊ីស្រាអែលទាំងប៉ុន្មានថា ស្រុកគេត្រូវចោលស្ងាត់ហើយ គឺបានប្រគល់មកឲ្យយើងត្របាក់លេប
កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក
ប៉ុន្តែគឺអញដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ ក៏បានបីគេ តែគេមិនបានដឹងថា គឺអញដែលមើលគេឲ្យជាទេ
ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ
តែព្រះអាទិត្យ នៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា
ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា