ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​យប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​ បាន​ឈរ​ក្បែរ​ខ្ញុំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យប់​មិញ​នេះ មាន​ទេវតា​របស់​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ឈរ​ក្បែរ​ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រោះ​ពី​យប់‌មិញ មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ បាន​មក​ជិត​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ

សូមមើលជំពូក



កិច្ចការ 27:23
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ជា​ទាសា​របស់​ទ្រង់​ពិត គឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់ តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូលបង្គំ​ចេញ​ហើយ


ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់ គឺ​អ៊ីស្រាអែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់


ហើយ​សូម​កាត់​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ​ចេញ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ព្រម​ទាំង​បំផ្លាញ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ព្រលឹង​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ។


ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ


ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង


ខ្ញុំ​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់ ជា​របស់​ផង​ខ្ញុំ​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង។


ឱ​ពួក​យ៉ាកុបនឹង​ពួក​អ៊ីស្រាអែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បំរើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រាអែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ


អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រាអែល​ជា​នាម​ត្រកូល​របស់​ខ្លួន។


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ​អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ


នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ


អស់​ទាំង​ទី​ក្រុង​ខូច​បង់ នឹង​បាន​ពេញ​ដោយ​ហ្វូង​មនុស្ស ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ


នោះ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ មាន​បន្ទូល​ថា ឱ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ជា​អ្នក​គោរព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្តាល​ភ្លើង​មក


នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ


ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត


កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ


ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូលបង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូលបង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ទ្រង់ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ


ហើយ​អញ​នឹង​នាំ​ភាគ​ទី​៣​នោះ​ទៅ​ក្នុង​ភ្លើង អញ​នឹង​សំរង​គេ​ដូច​ជា​សំរង​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ ហើយ​អញ​នឹង​ស្តាប់​គេ អញ​នឹង​ថា គេ​ជា​រាស្ត្រ​អញ ឯ​គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត


បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។


នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ


វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ


នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា


នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ


សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ


ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច


តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង


ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។


ដ្បិត​កេរ្តិ៍‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់


ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ


ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ‌អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់​ផង


ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ


សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​នៃ​ព្រះ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សេចក្ដី​ជំនឿ​ដល់​ពួក​រើស​តាំង​នៃ​ព្រះ នឹង​សេចក្ដី​ចេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត ដែល​ត្រូវ​នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ


តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។


អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង