ទំនុកតម្កើង 143 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ។ 1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់ 2 សូមកុំឲ្យកើតក្តីនឹងអ្នកបំរើទ្រង់ឡើយ ដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយ ដែលសុចរិតទេ 3 ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ 4 ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល 5 ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយ ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ 6 ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួត ហែងស្រេករកទឹក។ –បង្អង់ 7 ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ 8 សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់ 9 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ ទូលបង្គំរត់មកពឹងជ្រកនៅទ្រង់ 10 សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាម ព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅ ក្នុងស្រុក ដែលប្រកបដោយសេចក្ដីទៀងត្រង់ 11 ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់ 12 ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia