ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
២ សាំ‌យូ‌អែល 10

សាសន៍​អាំម៉ូន​ធ្វើ​សង្គ្រាម​ជា​មួយ​សាសន៍​ស៊ីរី

1 ក្រោយ​មក ស្តេច​របស់​ប្រជា​ជន​អាំម៉ូន​សុគត​ទៅ ហើយ​ហានូន​ជា​បុត្រា បាន​ឡើង​សោយ‌រាជ្យ​ជំនួស។

2 ព្រះបាទ​ដាវីឌ​ព្រះ‌តម្រិះ​ថា៖ «យើង​នឹង​សម្ដែង​សេចក្ដី​សប្បុ‌រស​ចំពោះ​ហានូន កូន​ណា‌ហាស ដូច​បិតា​លោក​បាន​សម្ដែង​ដល់​យើង​ដែរ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ចាត់​ពួក​រាជ‌ទូត ឲ្យ​ទៅ​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់ ពី​ដំណើរ​បិតា​សុគត ពួក​រាជ‌ទូត​របស់​ដាវីឌ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន។

3 ប៉ុន្តែ ពួក​មេលើ​ពួក​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​នេះ​ឲ្យ​មក​ជួយ​កម្សាន្ត​ទុក្ខ​ព្រះករុណា ដោយយល់​ដល់​បិតា​ទ្រង់​ឬ? តើព្រះបាទ​ដាវីឌ​មិន​ចាត់​ពួក​ទូត​នេះ​ឲ្យ​មក ដើម្បី​សង្កេត​មើល​ទី​ក្រុង ក្នុង​បំណង​វាយ​ដណ្ដើម​យក​ទេ​ឬ?»

4 ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ កោរ​ពុក​ចង្កា​គេ​មួយ​ចំហៀង ហើយ​កាត់​អាវ​ផ្តាច់​ផ្នែក​ខាង​ក្រោម​នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ។

5 កាល​ដំណឹង​នោះ​បាន​ជ្រាប​ដល់​ដាវីឌ ទ្រង់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​ត្រូវ​ខ្មាស​ណាស់ ស្តេច​បាន​បង្គាប់​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទម្រាំ​ពុក‌ចង្កា​ដុះ​ជា​ថ្មី សឹម​ត្រឡប់​មក​វិញ»។

6 ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។

7 ពេល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប​ហើយ ទ្រង់​បាន​ចាត់​យ៉ូអាប់ និង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ។

8 ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។

9 ពេល​យ៉ូអាប់​បាន​ឃើញ​ថា គេ​ព័ទ​ច្បាំង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល ចាត់​ឲ្យ​ទៅ​តម្រៀប​គ្នា ត​នឹង​ពួក​ស៊ីរី។

10 ឯ​បណ្ដា​ទ័ព​ដែល​នៅ​សល់ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ​ជា​ប្អូន ហើយ​ប្អូន​ក៏​តម្រៀប​ពល ដើម្បី​តទល់​នឹង​ពួក​កូន​ចៅ​អាំម៉ូន។

11 លោក​ប្រាប់​ថា៖ «ប្រសិន‌បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​ខ្ញុំ ចូរ​ឯង​មក​ជួយ​ខ្ញុំផង តែ​បើ​ពួក​កូន​ចៅ​អាំម៉ូន​ខ្លាំង​ជាង​ឯង នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​ឯង​វិញ។

12 ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​មាន​កម្លាំង​ចុះ ព្រោះ​សាសន៍​របស់​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ»។

13 ដូច្នេះ យ៉ូអាប់ និង​ពួក​ពល​ដែល​នៅ​ជា‌មួយ ក៏​ចូល​ទៅ​តស៊ូ​នឹង​ពួក​ស៊ីរី ហើយ​គេ​បាក់​ទ័ព​រត់​ពី​មុខ​លោក​ចេញ​ទៅ

14 កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

15 កាល​ពួក​ស៊ីរី​ឃើញ​ថា គេ​ត្រូវ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ប្រ​មូល​គ្នា

16 ហើយ​ព្រះបាទ​ហាដា‌រេស៊ើរ​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ ក៏​ទន្ទ្រាន​ចូល​ស្រុក​ហេឡាម មាន​សូបាក​ជា​មេ‌ទ័ព​ធំ​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។

17 កាល​ព្រះបាទ​ដាវីឌ​បាន​ជ្រាប ក៏​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់ ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ដល់​ស្រុក​ហេឡាម ពួក​ស៊ីរី​បាន​ត្រៀម​ពល​ត​នឹង​ដាវីឌ

18 តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​គេ ដែលបរ​រទេះ​ចម្បាំង​អស់​ប្រាំពីររយ​រទេះ និង​ពួក​ពល​សេះ​បួន​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក​ជា​មេ‌ទ័ព ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។

19 កាល​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​អំណាច​ហាដា‌រេស៊ើរ​ឃើញ​ថា ខ្លួន​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​ចង​ស្ពាន​មេត្រី​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ចំណុះ​គេ​វិញ ដូច្នេះ ពួក​ស៊ីរី​មិន​ហ៊ាន​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia