Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះបាទ​ដាវីឌ​ទទួល​មេភី‌បូសែត​ចូល​វាំង

1 គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។

2 រី​ឯ​នៅ​ក្នុង​ពួក​ដំណាក់​ស្ដេចសូល មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​គាល់​ព្រះបាទ​ដាវីឌ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស គឺ​ទូល‌បង្គំ​នេះ​ហើយ»។

3 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។

4 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​នៅ​ឯ​ណា?» រួច​ស៊ីបា​ទូល​ថា៖ «លោក​នៅ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល​នៅ​ក្រុង​ឡូរ-ដេបារ»។

5 ពេល​នោះ ព្រះបាទ​ដាវីឌ​ក៏​បាន​ចាត់​ឲ្យ​គេ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក។

6 ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។

7 ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។

8 នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា៖ «តើ​អ្នក​បម្រើ​របស់​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូល‌បង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​ដូច្នេះ?»។

9 ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ស្ដេចសូល មក​ត្រាស់​បង្គាប់​ថា៖ «របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​ស្ដេចសូល និង​ពូជ‌ពង្ស​ទ្រង់ នោះ​យើង​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​នេះ​ហើយ។

10 ឯង​ត្រូវ​ភ្ជួរ​រាស់​ស្រែ​ចម្ការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​អ្នក​បម្រើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក​ជូន​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​ឲ្យ​បាន​អាហារ​បរិ‌ភោគ ប៉ុន្តែ ឯ​មេភី‌បូសែត​ជា​បុត្រា​ចៅ‌ហ្វាយ​ឯង នឹង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។ ស៊ីបា​មាន​កូន​ប្រុស​ដប់ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។

11 បន្ទាប់​មក ស៊ីបា​ទូល​ទៅ​ស្តេច​ថា៖ «ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ធ្វើ​តាម​ព្រះរាជ‌ឱង្ការ​របស់​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ»។ ចំណែក​មេភី‌បូសែត ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា​មួយ​ព្រះបាទ​ដាវីឌ ដូច​ជា​បុត្រ​ណា​មួយ​របស់​ស្តេច។

12 មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​មីកា ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត​ទាំង​អស់។

13 ដូច្នេះ មេភី‌បូសែត​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ព្រោះ​លោក​ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​ពីរ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម