ការថ្វាយបង្គំព្រះក្លែងក្លាយនៅក្រុងយេរូសាឡិម1 នៅថ្ងៃទីប្រាំ ខែទីប្រាំមួយ ក្នុងឆ្នាំទីប្រាំមួយ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខខ្ញុំដែរ ព្រះអម្ចាស់យេហូវ៉ាបានដាក់ព្រះហស្តលើខ្ញុំ។ 2 ខ្ញុំមើលទៅឃើញរូបភាពមានសណ្ឋានដូចជាមនុស្ស ចុះទៅក្រោមត្រង់កន្លែងដែលមានរាងដូចជាចង្កេះ នោះមានសណ្ឋានដូចជាភ្លើង ហើយពីចង្កេះទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ភ្លឺ គឺដូចជាលោហធាតុដែលភ្លឺចាំង។ 3 ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។ 4 នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជានិមិត្តដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ ។ 5 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរបើកភ្នែកសម្លឹងមើលទៅទិសខាងជើងឥឡូវ» ដូច្នេះ ខ្ញុំក៏មើលទៅខាងជើងនោះ ជាទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ។ 6 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញការដែលគេប្រព្រឹត្តឬទេ? គឺជាការគួរស្អប់ខ្ពើមយ៉ាងណា ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យយើងបានឃ្លាតឆ្ងាយពីទីបរិសុទ្ធរបស់យើង តែចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសម្បើមជាងនេះទៅទៀត»។ 7 ពេលនោះ ព្រះអង្គនាំខ្ញុំទៅដល់ទ្វារទីលាន ខ្ញុំបានមើលទៅឃើញមានប្រហោងមួយក្នុងកំផែង។ 8 រួចព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ» កាលខ្ញុំបានជីកក្នុងកំផែងហើយ ឃើញមានទ្វារមួយ។ 9 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរអ្នកចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលគេធ្វើនៅទីនេះ»។ 10 ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ 11 ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។ 12 ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។ 13 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើមដែលគេប្រព្រឹត្តច្រើនទៀត»។ 14 ព្រះអង្គនាំខ្ញុំទៅដល់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស ។ 15 ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងនេះទៅទៀត»។ 16 បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។ 17 ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង 18 ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។ |
© 2016 United Bible Societies
Bible Society in Cambodia