ទឹកស្ទឹងហូរចេញពីព្រះវិហារ1 បន្ទាប់មក លោកនាំខ្ញុំត្រឡប់ទៅឯទ្វារនៃព្រះវិហារវិញ ឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនា។ 2 លោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត ឃើញមានទឹកហូរចេញមកខាងស្តាំ។ 3 លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់មួយពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ លោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ។ 4 លោកក៏វាស់មួយពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់មួយពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកដល់ត្រឹមចង្កេះ។ 5 ក្រោយមក លោកវាស់មួយពាន់ហត្ថទៀត មានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។ 6 លោកសួរមកខ្ញុំថា៖ «កូនមនុស្សអើយ តើបានឃើញហើយឬ?»។ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ 7 កាលខ្ញុំបានត្រឡប់ទៅដល់ហើយ ឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើនទាំងសងខាង។ 8 លោកក៏ប្រាប់ខ្ញុំថា៖ «ទឹកនេះហូរចេញទៅទិសខាងកើត ធ្លាក់ចុះទៅដល់ស្រុកវាល ហើយហូរធ្លាក់ទៅសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ ទឹកសមុទ្រនឹងទៅជាល្អវិញ។ 9 កន្លែងណាដែលទន្លេនោះហូរ ទៅ សត្វទាំងអស់មានជីវិតរវើករវ័ណ្ឌ និងមានជីវិតរស់ ក៏មានត្រីច្រើនសន្ធឹក ដោយព្រោះទឹកនេះហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនឹងបែ្រជាទឹកសាប ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះអ្វីៗទាំងអស់នឹងមានជីវិតរស់។ 10 ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ 11 តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញ 12 ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ»។ ការបែងចែកទឹកដីស្រុកអ៊ីស្រាអែល13 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះជាព្រំប្រទល់ ដែលអ្នករាល់គ្នានឹងចែកទុកជាមត៌ក តាមកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងដប់ ឯពួកយ៉ូសែបនឹងត្រូវបានពីរចំណែក។ 14 អ្នករាល់គ្នានឹងបានស្រុកទុកជាមត៌កស្មើគ្នាទាំងអស់ ដ្បិតយើងបានស្បថនឹងឲ្យស្រុកនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់អ្នករាល់គ្នា ទុកជាមត៌កដែរ 15 នេះជាព្រំប្រទល់ស្រុក គឺខាងជើងចាប់ពីសមុទ្រធំ តាមផ្លូវហេតឡូនរហូតដល់ឡេបូ-ហាម៉ាត រួចបន្តទៅសេដាត់ 16 ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។ 17 ដូច្នេះ ព្រំប្រទល់នឹងលាតសន្ឋឹងចាប់ពីសមុទ្រគឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំប្រទល់ហាម៉ាត នេះហើយជាព្រំប្រទល់ខាងជើង។ 18 ឯព្រំដែនខាងកើត គឺនៅចន្លោះស្រុកហាវរ៉ុន និងស្រុកដាម៉ាស តាមដងទន្លេយ័រដាន់ ចន្លោះស្រុកកាឡាត និងស្រុកអ៊ីស្រាអែល រហូតដល់សមុទ្រខាងកើត ត្រឹមតាម៉ារ។ នេះជាព្រំដែនខាងកើត។ 19 ឯព្រំដែនខាងត្បូង លាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកអេស៊ីព្ទ ដែលហូរធ្លាក់ទៅសមុទ្រធំ។ នេះជាព្រំដែនខាងត្បូង។ 20 ខាងលិច គឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។ 21 អ្នករាល់គ្នាត្រូវចែកស្រុកនេះតាមកុលសម្ព័ន្ធទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល។ 22 ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ 23 ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងកុលសម្ព័ន្ធណា អ្នកទាំងអស់គ្នាត្រូវចែកឲ្យមានមត៌កនៅទីនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។ |
© 2016 United Bible Societies
Bible Society in Cambodia