ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេ‌សេ‌គាល 40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេ‌សេ‌គាល 40

និមិត្ត​ស្តី​អំពី​ព្រះ‌វិហារ​ថ្មី

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​នៃការ​ដែល​គេចាប់​យើង​មក​ជា​ឈ្លើយ ដល់​ថ្ងៃ​ទី​ដប់ ខែ​ទី​ដប់​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។

2 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​និមិត្ត​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង។

3 ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ។

4 មនុស្ស​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ពិនិត្យ​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក​ចុះ រួច​យក​ចិត្ត​ទុក​ដាក់​គ្រប់​ទាំង​អស់ ដែល​យើង​បង្ហាញ​ដល់​អ្នក ដ្បិត​បាន​នាំ​អ្នក​មក​នៅ​ទី​នេះ ប្រយោជន៍​ឲ្យ​យើង​បាន​បង្ហាញ​ទាំង​អស់​នេះ​ដល់​អ្នក ដូច្នេះ ចូរ​ប្រាប់​ទាំង​អស់​ដែល​អ្នក​ឃើញ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ផង។

5 មាន​កំផែង​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​ប្រាំមួយ​ហត្ថ ដែល​ក្នុង​មួយ​ហត្ថ​នោះ ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ ដូច្នេះ លោក​ក៏​វាស់​កម្រាស់​កំផែង​នោះ​ត្រូវ​ជា‌មួយ​ខ្នាត​បបុស ហើយ​កម្ពស់​ក៏​មួយ​ខ្នាត​នោះ​ដែរ។

6 លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​មួយ​ខ្នាត ហើយ​ទទឹង​មួយ​ទៀត ក៏​បាន​មួយ​ខ្នាត​ដូច​គ្នា។

7 គ្រប់​បន្ទប់ មាន​បណ្តោយ​មួយ​ខ្នាត និង​ទទឹង​មួយ​ខ្នាត ឯ​ប្រឡោះ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រាំ​ហត្ថ ហើយ​មាត់​ទ្វារ​ថែវ​នៃ​ទ្វារ​ខាង​ក្នុង​ក៏​មួយ​ខ្នាត​ដែរ។

8 លោក​ក៏​វាស់​ថែវ​ទ្វារ​ខាង​ក្នុង បាន​មួយ​ខ្នាត

9 រួច​លោក​វាស់​ថែវ​បាន​ប្រាំបី​ហត្ថ ហើយ​សសរ​ថែវ​នោះ​បាន​ពីរ​ហត្ថ ឯ​ថែវ​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង។

10 មាន​បន្ទប់​ម្ខាង​បីនៅ​ទ្វារ​ខាង​កើត ទាំង​បី​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

11 លោក​ក៏​វាស់​ទទឹង​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​ដប់​ហត្ថ ហើយ​បណ្តោយ​បាន​ដប់​បី​ហត្ថ។

12 មាន​របង​មួយ​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំងសង​ខាង បន្ទប់​ទាំង​នោះ​មាន​ទំហំ​ប្រាំមួយ​ហត្ថ​បួន​ជ្រុង​ស្មើ។

13 លោក​ក៏​វាស់​ពី​ដំបូល​បន្ទប់​មួយ ដល់​ដំបូល​បន្ទប់​ម្ខាង ដែល​នៅ​ទល់​មុខ​គ្នា​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។

14 លោក​ក៏​វាស់​បន្ទប់នោះ បណ្ដោយ​មាន​ប្រវែង​ម្ភៃ​ហត្ថ ហើយមាន​ទី‌លាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្វារ​កំផែង។

15 តាំ​ង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​ថែវ​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​ហាសិប​ហត្ថ។

16 បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។

17 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ ឃើញ​មាន​បន្ទប់ និង​កម្រាល​ថ្ម​ដែល​ធ្វើ​សម្រាប់​ទី‌លាន​នៅ​ជុំ‌វិញ គឺ​មាន​បន្ទប់​សាម​សិប នៅ​លើ​កម្រាល​ថ្ម​នោះ។

18 កម្រាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កម្រាល​ថ្ម​ជាន់​ក្រោម។

19 លោក​វាស់​ទទឹង​ទី‌លាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទី‌លាន​ខាង​ក្នុង​បាន​មួយរយ​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង។

20 លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទី‌លាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង។

21 មាន​បន្ទប់​បី​ខាង​នេះ និង​បី​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​មួយ គឺ​បណ្តោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

22 បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ​ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ។

23 មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត រួច​លោក​វាស់​ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ​ទៀត​បាន​មួយរយ​ហត្ថ។

24 លោក​ក៏​នាំ​ខ្ញុំ​ទៅ​ខាង​ត្បូង ឃើញ​មាន​ទ្វារ​មួយ ដែល​បើក​ទៅ​ទិស​ខាង​ត្បូង​ដែរ លោក​វាស់​សសរ និង​ខ្លោង‌ទ្វារ​ទាំង​នោះ ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ

25 ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បានហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

26 ក៏​មាន​ជណ្តើរ​ប្រាំពីរ​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​មួយ​ខាង​នេះ ហើយ​មួយ​ខាង​នោះ។

27 មាន​ទ្វារ​មួយ​បើក​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​មួយ ទៅ​ដល់​ទ្វារ​កំផែង​មួយ​ទៀត ខាង​ត្បូង​នោះ​បាន​មួយរយ​ហត្ថ។

28 លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទី‌លាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ។

29 បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។

30 មាន​ខ្លោង‌ទ្វារ​នៅ​ជុំ‌វិញ​បណ្តោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។

31 ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ទ្វារ​នោះ​មាន​ប្រាំបី​ថ្នាក់។

32 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ។

33 បន្ទប់​នីមួយៗ និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

34 ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ​នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ទ្វារ​នោះ មាន​ប្រាំបី​ថ្នាក់​ដែរ។

35 លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ។

36 បន្ទប់​ទាំង​ប៉ុន្មាន សសរ និង​ខ្លោង‌ទ្វារ ក៏​មាន​បង្អួច​នៅ​ជុំ‌វិញ ទ្វារ​នោះ​មាន​បណ្តោយហាសិប​ហត្ថ ទទឹងម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។

37 សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​ប្រាំបី​ថ្នាក់​ដែរ។

38 មាន​បន្ទប់​មួយ​ដែល​មាន​ទ្វារ​ក្បែរ​សសរ​នៅ​ត្រង់​ទ្វារ​កំផែង គឺ​ទី​នោះ​ដែល​គេ​លាង​តង្វាយ​ដុត។

39 នៅ​ថែវ​នៃ​ទ្វារ​កំផែង មាន​តុ​ពីរ​នៅ​ខាង​នេះ ហើយ​ពីរ​ខាង​នោះ សម្រាប់​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង។

40 ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត​របស់​ថែវ​នៃ​ទ្វារ​កំផែង​នោះ​ក៏​មាន​តុ​ពីរ​ដែរ។

41 មាន​តុ​បួន​ខាង​នេះ ហើយ​បួន​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​ប្រាំ សម្រាប់​សម្លាប់​យញ្ញ‌បូជា។

42 មាន​តុ​បួន​ដាប់​ពី​ថ្ម​ប្រវែង​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ ហើយ​កម្ពស់​មួយ​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ។

43 មាន​តម្ពក់​ប្រវែង​មួយ​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំ‌វិញ ឯ​សាច់​នៃ​តង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។

44 នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​ពីរ​នៅ​ក្នុង​ទី‌លាន​ខាង​ក្នុង មួយ​នៅ​ជិត​ទ្វារ​ទិស​ខាង​ជើង បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ហើយ​មួយ​ទៀត​នៅ​ជិត​ទ្វារ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​ជើង។

45 លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​មួយ​នេះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ

46 ហើយ​បន្ទប់​មួយ​ដែល​បែរមុខ​ទៅ​ទិស​ខាង​ជើង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ។

47 លោក​ក៏​វាស់​ទី‌លាន​មាន​ប្រវែង​មួយរយ​ហត្ថ ទទឹង​មួយរយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។

ព្រះវិហារ

48 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ថែវ​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​ថែវ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​ប្រាំ​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​បី​ហត្ថ​ខាង​នោះ។

49 ប្រវែង​របស់​ថែវ​នោះ មានបណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​ថែវ​នោះ តាម​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ម្ខាងៗ​មាន​មួយ។

© 2016 United Bible Societies

Bible Society in Cambodia