ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 28

ការ​ជំនុំ​ជម្រះ​ពួក​មេ​ដឹក​នាំ ពួក​សង្ឃ និង​ពួកហោរា​ពុក​រលួយ

1 វេទនា​ដល់​មកុដ​នៃ​សេចក្ដី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រាអិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ

2 មើល៍ ព្រះ‌អម្ចាស់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច ដូច​ជា​ព្យុះ‌ព្រឹល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិចផែន​ដី។

3 ឯ​មកុដ​នៃ​សេចក្ដី​អំនួត​របស់​ពួក​ប្រមឹក ក្នុង​ពួក​អេប្រាអិមដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង

4 ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ដំបូង​មុន​រដូវ​ក្តៅ កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម។

5 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លម្អ​ដល់​សំណល់​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ

6 ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជម្រះ និង​ជា​ឫទ្ធិ​កម្លាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។

7 ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​និមិត្ត​គេ​យល់​ខុស​ទទេ ក៏​រមិល​ក្នុង​ការ​ជំនុំ‌ជម្រះ។

8 ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កម្អួត ហើយ​កខ្វក់ ឥត​មាន​កន្លែង​ណា​ស្អាត​ឡើយ។

9 ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា? តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង? គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ។

10 ដ្បិត​ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ។

11 ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ដល់​ជន​ជាតិ​នេះ ដោយ​សម្ដី​រឡប់ និង​ភាសា​ដទៃ។

12 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា៖ "នេះ​នែ​ជា​សេចក្ដី​សម្រាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សម្រាក​ចុះ នេះ​ជា​ទី​លំ‌ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ"

13 ហេតុនេះ​បាន​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ទៅ​ដល់​គេ​ថា៖ "ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ ហើយ​ដួល​ផ្ងារ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់​រើ​ពុំ​រួច​ឡើយ"។

14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្ដា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា "យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​ការកុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ"។

16 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ ដែល​ដាក់​យ៉ាង​មាំ‌មួន អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។

17 យើង​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​សេចក្ដី​សុចរិត​ជា​ខ្សែ​ប្រ‌យោល រួច​ព្យុះ​ព្រឹល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង​លិច​ទីពួន​អស់។

18 នោះ​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា បាន​តាំង​នឹង​សេចក្ដី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល ហើយ​ការ​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិត‌ស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្ដី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ។

19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច។

20 ដ្បិត​គ្រែ​ខ្លី​ពេក នឹង​ដេក​សណ្តូក​ខ្លួន​មិន​បាន ហើយ​ផួយ​ក៏​តូច​ផង មិន​ល្មម​នឹង​ដណ្តប់​ខ្លួន​ដែរ។

21 ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​របស់​ព្រះ‌អង្គ ដែល​ប្លែក ហើយ​សម្រេច​កិច្ច​របស់​ព្រះ‌អង្គ ដែល​ប្លែកពី​ធម្មតា។

22 ដូច្នេះ អ្នក​រាល់​គ្នា​កុំ​ធ្វើ​ជា​អ្នក​ចំអក​ឡក‌ឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹត‌រួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ថា បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ​ផែនដី​ទាំង​មូល​ហើយ។

23 ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ

24 ឯ​អ្នក​ដែល​ភ្ជួរ​រាស់​ដើម្បី​សាប‌ព្រោះ តើ​គេ​នៅ​តែ​ភ្ជូរ​ជា‌និច្ច​ឬ? តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា‌និច្ច​ឬ?

25 កាល​ណា​គេ​បាន​ពង្រាប​ដី​ហើយ តើ​គេ​មិន​ព្រោះ​ល្ង​ស និង​បាច​ល្ង​ខ្មៅ ព្រម​ទាំង​រោយ​ស្រូវ​សាលី​ទៅ​ជា​ជួរៗ ហើយ​ស្រូវ​ឱក​នៅ​កន្លែង​ដែល​បាន​តម្រូវ​ទុក និង​ស្រូវ​អេប៉ូត​តាម​ក្បែរ​ភ្លឺ​ទេ​ឬ?

26 ដ្បិត​ព្រះ​បាន​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ។

27 ពី​ព្រោះ​ល្ង​ស មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង

28 ឯ​ស្រូវ​សម្រាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​រហូត​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ។

29 តម្រិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ព្រះ‌អង្គ​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។

© 2016 United Bible Societies

Bible Society in Cambodia