ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 23

ទំនាយ​ពី​ការ​ដាក់​ទោស​ក្រុង​ទីរ៉ុស

1 នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។

2 ចូរនៅ​ស្ងៀម​ចុះ ឱ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ឱ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​នាំ​សារ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ

3 និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។

4 ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា យើង​មិន​បាន​ឈឺ​ចាប់ ឬ​សម្រាល​កូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំលោះ ឬ​ស្រី​ក្រមុំ​ដែរ

5 កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ

6 ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?

8 តើ​អ្នក​ណា​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ?

9 គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្ដា​សក្តិ​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ផង។

10 ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។

11 ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ

12 ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ អ្នក​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។

13 ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! នេះ​ជា​ប្រជា​ជន ដែល​មិន​មែន​ជា​សាសន៍​អាស‌ស៊ើរ។ គេ​បាន​តម្រូវ​ឲ្យ​ក្រុង​ទីរ៉ុស​ក្លាយ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បាន​រំលំ​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​អស់​រលីង។

14 ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ទី​មាំ‌មួន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ។

15 នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​ចិត​សិប​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​មួយ​អង្គ លុះ​ផុត​ពី​ចិត​សិប​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចម្រៀង​របស់​ស្រី​ពេស្យា៖

16 «ឱ​ស្រី​ពេស្យា​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ»។

17 លុះ​ដល់​ផុត​ចិត​សិប​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​ពេស្យា​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង។

18 ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សម្រាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សម្រាប់​ជា​សម្លៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia