ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូហាន 18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូហាន 18

យូដាស​ក្បត់​ព្រះ‌យេស៊ូវ ហើយ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ
(មថ. ២៦.៤៧-៥៦ មក. ១៤.៤៣-៥០ លក. ២២.៤៧-៥៣)

1 កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​ក៏​ឆ្លង​ជ្រោះ​កេដ្រុន​ជា​មួយ​ពួក​សិស្ស ហើយ​ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​សួន​ច្បារ​មួយ។

2 រីឯ​យូដាស ដែល​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​តែង​ជួប​គ្នា​នៅ​ទី​នោះ។

3 ដូច្នេះ យូដាស​បាន​នាំ​ពួក​ទាហាន ពួក​កង​រក្សា​ព្រះ​វិហារ​ខ្លះ​ពី​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ទៅ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​មាន​អាវុធ​ផង។

4 ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?»។

5 គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស ក៏​ឈរ​នៅ​ជា​មួយ​ពួក​គេ​ដែរ។

6 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «គឺ​ខ្ញុំ​ហ្នឹង​ហើយ» គេ​ក៏​ថយ​ក្រោយ ដួល​ដាច់​ផ្ងារ​ទាំង​អស់​គ្នា។

7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។

8 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។

9 នេះ​គឺ​ដើម្បី​ឲ្យ​បាន​សម្រេច​ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ឥត​មានណា​ម្នាក់​បាត់​បង់ឡើយ» ។

10 ស៊ីម៉ូន-ពេត្រុស មាន​ដាវ​មួយ ហើយ​គាត់​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​បម្រើ​សម្តេច​សង្ឃ​ម្នាក់ ឈ្មោះ​ម៉ាល‌កុស។

11 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»

ព្រះ‌យេស៊ូវ​នៅ​ចំពោះ​មុខ​សម្តេច​សង្ឃ
(ម៉ាថាយ ២៦.៦៩-៧០ ម៉ាកុស ១៤.៦៦-៦៨ លូកា ២២.៥៥-៥៧ )

12 ពួក​ទាហាន មេទ័ព និង​ពួក​កង​រក្សា​ព្រះ​វិហារ​របស់​សាសន៍​យូដា បាន​ចាប់​ព្រះ‌យេស៊ូវ​ចង។

13 គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​អាណមុន​គេ ព្រោះ​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ។

14 គឺ​លោក​កៃផា​នេះ​ហើយ ដែល​ទូន្មាន​ពួក​សាសន៍​យូដា​ថា ដែល​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន នោះ​មាន​ប្រយោជន៍​ជា​ជាង ។

លោក​ពេត្រុស​បដិសេធ​មិន​ស្គាល់​ព្រះ‌យេស៊ូវ

15 ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​បាន​ដើរ​តាម​ព្រះ‌យេស៊ូវ។ ដោយ​សារ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ បាន​ជា​គាត់​អាច​ចូល​ជាមួយ​ព្រះ​យេស៊ូវ ទៅ​ក្នុង​ទី‌លាន​សម្តេច​សង្ឃ​បាន

16 តែ​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

17 ស្រី​បម្រើ​ដែល​ចាំ​យាម​ទ្វារ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ»។

18 ពេល​នោះ ពួក​បាវ​បម្រើ និង​ពួក​កង​រក្សា​ព្រះវិហារ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ។

សម្តេច​សង្ឃ​ចោទ​សួរ​ព្រះ‌យេស៊ូវ
(មថ. ២៦.៥៩-៦៦ មក. ១៤.៥៥-៦៤ លក. ២២.៦៦-៧១)

19 បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ព្រះ‌យេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។

20 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មនុស្ស​លោក នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ និង​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។

21 ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​អស់​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទៅ គេ​សុទ្ធ​តែ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។

22 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ កង​រក្សា​ព្រះវិហារ​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ ក៏​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ហើយ​និយាយ​ថា៖ «តើ​អ្នក​ឯង​ឆ្លើយ​ទៅ​សម្តេច​សង្ឃ​បែប​នេះ​ឬ?»

23 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស ចូរ​ប្រាប់​មក​មើល តើ​ខុស​ត្រង់​ណា តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ?»

24 លោក​អាណ​ឲ្យ​គេ​នាំ​ព្រះ‌អង្គ​ទាំង​ជាប់​ចំណង ទៅ​លោក​កៃផា ជា​សម្តេច​សង្ឃ​វិញ។

លោក​ពេត្រុស​បដិសេធ​ម្តង​ទៀត​ថា​មិន​ស្គាល់​ព្រះ‌យេស៊ូវ
(មថ. ២៦.៧១-៧៥ មក. ១៤.៦៩-៧២ លក. ២២.៥៨-៦២)

25 ពេលនោះ ស៊ីម៉ូន-ពេត្រុស​កំពុង​ឈរ​អាំង​ភ្លើង ហើយ​មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ប្រ‌កែក​ថា៖ «មិន​មែន​ទេ»។

26 មាន​បាវ​បម្រើ​របស់​សម្តេច​សង្ឃម្នាក់ ជា​សាច់​ញាតិ​នឹង​អ្នកដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក សួរ​ថា៖ «តើ​ខ្ញុំ​មិនបាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ច្បារ ជា​មួយ​អ្នក​នោះដែរ​ទេឬ?»

27 ពេត្រុស​ក៏​ប្រ‌កែក​ម្តង​ទៀត រំពេច​នោះ​ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង។

ព្រះ‌យេស៊ូវ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់
(មថ. ២៧.១-២, ១១-១៤ មក. ១៥.១-៥ លក. ២៣.១-៥)

28 បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។

29 ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​រក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​ពី​រឿង​អ្វី?»

30 គេ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រសិន‌បើជន​នេះ​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិននាំ​គាត់​មក​ជូន​លោក​ទេ»។

31 លោក​ពីឡាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ»។ តែ​ពួក​សាសន៍​យូដា​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ប្រហារ​ជីវិត​អ្នក​ណា​ទេ»។

32 (គេ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដីដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សុគត) ។

33 ដូច្នេះ លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​សួរ​ថា៖ «តើ​អ្នក​ជា​សេ្តច​សាសន៍​យូដា​មែន​ឬ?»

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជម្រាប​លោក​អំពី​ខ្ញុំ?»។

35 លោក​ពីឡាត់​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ? គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ?»

36 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ។ ប្រសិន‌បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ផែនដី​នេះ​មែន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​ត‌យុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ»។

37 លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​កើត​មក ហើយ​ចូល​មក​ក្នុង​លោក​នេះ​សម្រាប់​ការ​នេះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត អ្នក​នោះ​ស្តាប់​សំឡេង​ខ្ញុំ»។

38 លោក​ពីឡាត់​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «អ្វី​ទៅ​ជា​សេចក្តី​ពិត​នោះ?»។ ក្រោយ​ពី​លោក​មានប្រសាសន៍​ដូច្នេះ​ហើយ លោកក៏​ចេញ​ទៅ​ជួប​ពួក​សាសន៍​យូដា​ម្តង​ទៀត ប្រាប់​គេ​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ។

គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូវ
(មថ. ២៧.១៥-៣១ មក. ១៥.៦-២០ លក. ២៣.១៣-២៥)

39 តាម​ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​មនុស្ស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​រំលង។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា​ឬ​ទេ?»

40 គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូមដោះ​លែង​បារ៉ា‌បាស​វិញ!»។ (រីឯ​បារ៉ា‌បាស​ជា​ចោរ​ប្លន់)។

© 2016 United Bible Societies

Bible Society in Cambodia