ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូស្វេ 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូស្វេ 6

កូន​ចៅ​អ៊ីស្រា‌អែល​វាយ​យក​ក្រុង​យេរីខូរ

1 ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូរជិត ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រោះតែ​ខ្លាច​ប្រជា‌ជន​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ចេញ​ចូល​បានឡើយ។

2 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល៍ យើង​បាន​ប្រគល់​ក្រុង​យេរីខូរ ទាំង​ស្តេច ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។

3 អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ខ្លាំង​ពូកែ ត្រូវដើរ​ជុំ‌វិញ​ទី​ក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ

4 ត្រូវ​មាន​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​ប្រាំពីរ​ជុំ ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង។

5 ពេល​គេ​ផ្លុំ​ត្រែ​ស្នែង​ចៀម​មាន​សំឡេង​យ៉ាង​វែង គឺ​ពេល​អ្នក​រាល់​គ្នាឮ​សំឡេង​ត្រែ ប្រជា‌ជន​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង នោះ​កំផែង​ក្រុង​នឹង​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​សម្រុក​ចូល​ត្រង់​ទៅ​មុខ​រៀង​ខ្លួន»។

6 លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។

7 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ហើយ​ឲ្យ​ពួក​អ្នក​ប្រដាប់​អាវុធ​ដើរទៅ​ពី​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា»។

8 កាល​លោក​យ៉ូស្វេ​បាន​បង្គាប់​ប្រជា‌ជន​រួច​ហើយ សង្ឃ​ទាំងប្រាំពីរ​រូប ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំពីរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ ហើយ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​តាម​ក្រោយ។

9 ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ហើយ​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។

10 លោក​យ៉ូស្វេ​បង្គាប់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នាមិន​ត្រូវ​ស្រែក ឬ​ឲ្យ​មាន​ឮ​សំឡេង​អ្វី​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ឮ​ពាក្យ​ណា​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ រហូត​ដល់​ថ្ងៃដែល​ខ្ញុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ស្រែក នោះ​សឹម​ស្រែក»។

11 ដូច្នេះ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​អស់​មួយ​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​ក្នុង​ជំរំ។

12 លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។

13 ពួក​សង្ឃ​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ។ ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​នៅ​ខាង​មុខ ហើយកម្លាំង​ការ​ពារ​ជួរ​ខាង​ក្រោយ ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។

14 នៅ​ថ្ងៃ​ទី​ពីរ គេ​ដើរ​ជុំ‌វិញ​ទី​ក្រុង​មួយ​ជុំ រួច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។ គេ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ។

15 នៅ​ថ្ងៃ​ទី​ប្រាំពីរ គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​តាម​របៀប​ដដែល​ប្រាំពីរ​ជុំ។ មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​ចំនួន​ប្រាំពីរ​ជុំ។

16 នៅ​ជុំ​ទី​ប្រាំពីរ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ លោក​យ៉ូស្វេ​ក៏​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​អ្នក​រាល់​គ្នា​ហើយ។

17 ទី​ក្រុង​នេះ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​បំផ្លាញ​ឲ្យ​អស់​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​តែ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ ព្រោះ​នាង​បាន​បំពួន​អ្នក​ស៊ើប​ការណ៍ ដែល​យើង​បាន​ចាត់​ឲ្យ​មក។

18 រី​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ណា​ដែល​ត្រូវ​បំផ្លាញ ក្រែង​កាល​ណា​អ្នក​រាល់​គ្នា​ញែកអ្វីៗ​សម្រាប់​បំផ្លាញ ហើយ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​ទុក នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ជំរំ​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ដែរ ព្រម​ទាំង​នាំ​ឲ្យជំរំ​អ៊ីស្រា‌អែល​កើត​មាន​ទុក្ខ​ទោស​ផង។

19 ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ទាំង​ប៉ុន្មាន ត្រូវ​ញែក​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​របស់​ទាំងនោះ​ត្រូវ​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ‌យេហូវ៉ា»។

20 ដូច្នេះ ប្រជា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង។ កាល​ប្រជា‌ជន​ឮ​សូរ​ត្រែ គេ​ក៏​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​កំផែង​ក៏​រលំចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​មុខ​រៀង​ៗខ្លួន ហើយ​គេ​ចាប់​យក​ទី​ក្រុង​នោះ។

21 ពេល​នោះ គេ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ទី​ក្រុង ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។

22 លោក​យ៉ូស្វេ​ក៏មាន​ប្រសាសន៍​ទៅកាន់​បុរស​ពីរ​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា៖ «ចូរ​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​ពេស្យា​នោះ ហើយ​នាំ​នាង និងមនុស្ស​ទាំងអ​ស់​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​នឹង​នាង»។

23 ដូច្នេះ យុវជន​ទាំង​ពីរ​ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ឪពុក​ម្តាយ និង​បង​ប្អូន ព្រម​ទាំងអ្វីៗទាំង​អស់​ដែល​ជា​របស់​នាង​ចេញ​មក។ ពួក​គេ​នាំញាតិ‌សន្តាន​ទាំង​អស់​របស់​នាង​ចេញ​មក ហើយ​ដាក់​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​អ៊ីស្រា‌អែល។

24 គេ​ក៏​ដុត​ទី​ក្រុង និង​អ្វីៗ​នៅ​ក្នុង​ក្រុង​នោះ​ចោល​ទាំង​អស់ ទុក​តែ​ប្រាក់ មាស និង​ភាជនៈ​ដែល​ធ្វើ​ពី​លង្ហិន និង​ពី​ដែក​ប៉ុណ្ណោះ រួច​គេ​យក​របស់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

25 ចំណែក​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ក្រុម​គ្រួសារ​របស់​ឪពុក​នាង និង​មនុស្ស​របស់​នាង​ទាំង​ប៉ុន្មាន លោក​យ៉ូស្វេ​បាន​ទុកជីវិត​វិញ។ ក្រុម​គ្រួសាររបស់​នាង រស់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​នាង​បាន​បំពួន​មនុស្ស​ដែល​លោក​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ។

26 នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ប្រកាស​ជា​សម្បថ​ថា៖ «អ្នក​ណា​ដែល​នាំ​គេ​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ចាក់​គ្រឹះ​កំផែង កូន​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​អ្នក​ណា​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់​ទៅ»។

27 ព្រះ‌យេហូវ៉ា​គង់​ជាមួយ​លោក​យ៉ូស្វេ ហើយ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ល្បី​សុស‌សាយ​ពេញ​ស្រុក​នោះ​ទាំង​មូល។

© 2016 United Bible Societies

Bible Society in Cambodia