ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 23

ចម្លើយ​របស់​លោក​យ៉ូប៖ ពាក្យ​ត្អូញត្អែរ​ដ៏ជូរល្វីង​របស់ខ្ញុំ

1 នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖

2 «នៅ​ថ្ងៃ​នេះ ពាក្យ​តម្អូញ​របស់​ខ្ញុំ ជា​សេចក្ដី​ជូរ​ល្វីង ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​ខ្ញុំ ដោយ​ព្រោះ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ។

3 ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ព្រះ‌អង្គ​នៅ​ទី​ណា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ព្រះ‌អង្គ​ទៅ​អេះ

4 នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ ដោយ​សេចក្ដី​ជជែក​តវ៉ា។

5 ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ ហើយ​យល់​សេចក្ដី​ដែល​ព្រះ‌អង្គ ចង់​មាន​ព្រះ‌បន្ទូល​តប។

6 តើ​ព្រះ‌អង្គ​ប្រើ​អំណាច​ដ៏​ធំមក​តយុទ្ធនឹង​ខ្ញុំ​ឬ? ទេ គឺ​ព្រះ‌អង្គ​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ។

7 នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់ នឹង​ប្រឹក្សា​ជា​មួយ​ព្រះ‌អង្គ​បាន យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។

8 តែ​មើល៍ ខ្ញុំ​ដើរ​ទៅ​ខាង​មុខ តែ​ព្រះ‌អង្គ​មិន​មែន​នៅ​ទី​នោះ ក៏​ថយ​ទៅ​ក្រោយ តែ​រក​សម្គាល់​ព្រះ‌អង្គ​មិន​បាន

9 ទៅ​ខាង​ឆ្វេង​ក្នុងពេល​ព្រះ‌អង្គ​កំពុង​ធ្វើ​ការ តែ​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញ ហើយព្រះ‌អង្គ​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

10 ប៉ុន្តែ ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ព្រះ‌អង្គ​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស។

11 ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។

12 ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹម របស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។

13 ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន? ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។

14 ដ្បិត​ព្រះ‌អង្គ​ធ្វើ​សម្រេច​សេចក្ដី ដែល​បាន​តម្រូវ​ទុក​សម្រាប់​ខ្ញុំ ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ទៀត នៅ​នឹង​ព្រះ‌អង្គ​ដែរ។

15 ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារ‌ណា នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។

16 ដ្បិត​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច

17 ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​នៅ​ស្ងៀម ដោយ​ព្រោះ​សេចក្ដី​ងងឹត ហើយ​ក៏​គ្រប​មុខ​ដោយ​ព្រោះ​ភាព​អន្ធការ ដ៏​ក្រាស់​នេះ​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia