Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប្រសាសន៍​របស់​លោក​អេលី‌ផាស៖ លោក​យ៉ូប​ពិត​ជា​មាន​កំហុស​មែន!

1 លោក​អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះ? ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​មាន​ប្រយោជន៍ ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ។

3 បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​ចម្រើន​អំណរ ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឬ? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ?

4 តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា‌មួយ​អ្នក​ឬ?

5 ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សម្បើម​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ។

6 ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង‌ប្អូន​អ្នក ដោយ​ឥត​ហេតុ ហើយ​បានដោះ​យក​ខោអាវ ពី​មនុស្ស​កម្សត់​ទុគ៌ត​ផង។

7 អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ។

8 មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្ដា​សក្តិ បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក។

9 អ្នក​បាន​បណ្តេញ​ស្ត្រី​មេម៉ាយ ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​អ្នក​បាន​បំបាក់​ដៃ​របស់​ក្មេង​កំព្រា ។

10 ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ មក​បំភ័យ​អ្នក

11 ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

12 ឯ​ព្រះ តើ​ព្រះ‌អង្គ​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ? ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ

13 អ្នក​ពោល​ថា "តើ​ព្រះ​ជ្រាប​អ្វី​ខ្លះ? តើ​ព្រះ‌អង្គ​អាច​ទត​ទម្លុះ​សេចក្ដី​ងងឹត មក​ជំនុំ‌ជម្រះ​បាន​ដែរ​ឬ?

14 មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ព្រះ‌អង្គ​ជុំ‌វិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ"។

15 តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​ឬ?

16 ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ កន្លែង​ជ្រក​កោន​របស់​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ។

17 គេ​បាន​ទូល​ដល់​ព្រះ​ថា "សូម​យាង​ចេញ​ពី​យើង​ទៅ!" ហើយ​ថា "តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា អាច​ធ្វើ​អ្វី​ដល់​យើង​បាន?"

18 ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។

19 ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា

20 "ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប​សូន្យ​ហើយ ឯ​សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ"។

21 ដូច្នេះ ចូរ​ចុះ​សម្រុង​ជា‌មួយ​ព្រះ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ព្រះ‌អង្គ​ចុះ យ៉ាង​នោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​អ្នក។

22 ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្ដី​បង្រៀន ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ចុះ។

23 បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​ទៅ

24 ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម នៅ​បាត​ជ្រោះ​ទឹក​ផង

25 នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​នឹង​បាន​ជា​ទ្រព្យ​វិសេស និង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ

26 ដ្បិត​យ៉ាង​នោះ​ឯង​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ព្រះ‌អង្គ​ផង។

27 អ្នក​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ទទួល យ៉ាង​នោះ​ឯង​នឹង​បាន​លា​បំណន់​របស់​អ្នក។

28 កាល​ណា​អ្នក​សម្រេច​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សម្រេច​ដូច​បំណង និង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ។

29 កាល​ណា​គេ​បន្ទាប​ទៅ នោះ​អ្នក​នឹង​នឹក​ថា មាន​ការ​លើក​ឡើង​វិញ ឯ​មនុស្ស​សុភាព​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ។

30 ព្រះ‌អង្គ​នឹង​ជួយ​ទាំង​មនុស្ស ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អ្នក​នោះ​នឹង​បាន​រួច ដោយ‌សារ​សេចក្ដី​បរិសុទ្ធ​របស់​ដៃ​អ្នក»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម