Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​យ៉ូប​ត្អូញ​ត្អែរ​ពី​អំពើ​ហិង្សា​នៅ​ផែន​ដី​នេះ

1 ហេតុ​អ្វី​បាន​ជា​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ​ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ព្រះ‌អង្គ?

2 មនុស្ស​អាក្រក់ បន្ថយ​គោល​ចារឹក គេ​រឹប​យក​ហ្វូង​ចៀម​អ្នក​ដទៃ​ទៅ​ធ្វើ​របស់​ខ្លួន។

3 គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។

4 គេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា។

5 អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​រកអាហារ​របស់​គេ ហើយ​ខំ​ខ្មីឃ្មាត​រកនៅក្នុង​ទី​រហោ‌ស្ថាន​នោះ ដើម្បី​បាន​អាហារ​សម្រាប់​ខ្លួន និង​កូន​ចៅ​របស់​គេ។

6 គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​នោះ។

7 គេ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា។

8 គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ។

9 មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សម្លៀក‌បំពាក់ របស់​ពួក​អ្នក​ក្រីក្រ​ផង

10 ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវ។

11 គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​ទាំង​នោះ គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។

12 មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​មនុស្ស ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់ នឹង​ការ​អាក្រក់​នោះ​ឡើយ។

13 ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ។

14 ឃាត‌ក​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ។

15 ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ ដោយ​នឹក​ថា "គ្មាន​អ្នក​ណា​ឃើញ​ខ្ញុំ​ទេ" គេ​ក៏បិទ​មុខចេញ​ទៅ។

16 នៅ​ពេល​ងងឹត​គេ​គាស់​ទម្លុះ​ផ្ទះ​ចូល តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន គេ​មិន​ដែល​ស្គាល់​ពន្លឺ​ឡើយ។

17 គេ​ខ្លាច​ពេល​ព្រឹក​ដូច​ជា​ម្លប់ នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​គេ ដ្បិត​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ម្លប់ នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។

18 គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ឯ​ចំណែក​របស់​គេ​នៅ​ផែនដី មាន​តែ​បណ្ដាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។

19 បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌ស្ងួត និង​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ស្រូប​មនុស្ស​មាន​បាប​ទៅ​យ៉ាង​នោះ​ដែរ។

20 ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់ ដូច​ជា​ដើម​ឈើ។

21 គេ​ធ្វើ​បាប ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ឡើយ។

22 ឯ​ព្រះ​ធ្វើ​ឲ្យ​ពួក​ធំៗ​ទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះ គេ​បាន​ឡើង​ជា​ធំ។

23 ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ

24 គេ​បាន​ឡើង​ជា​ធំ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ។

25 បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម