ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 16

លោក​យ៉ូប​អះអាង​ជា​ថ្មី​ពី​ភាព​ស្អាត​ស្អំ​របស់​គាត់

1 នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖

2 «ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ។

3 តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​ចប់​ត្រឹម​ណា? តើ​មាន​អ្វី​បណ្ដាល​អ្នក​រាល់​គ្នា​ឲ្យ​តប​មក​ដូច្នេះ?

4 ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​ព្រលឹង​របស់​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។

5 ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចម្រើន​កម្លាំង ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ របស់​អ្នក​រាល់​គ្នា។

6 តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ ក៏​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​ថយ​ចេញ​ពី​ខ្ញុំ​ដែរ ហើយ​បើ​នៅ​ស្ងៀម តើ​វា​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ទៅ?

7 ប្រាកដ​មែន ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។

8 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ ក៏​ទាស់​នឹង​ខ្ញុំ​ដែរ គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។

9 ព្រះ​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។

10 ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ។

11 ព្រះ​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មេ​កំណាច។

12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។

13 ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។

14 ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ‌អង្គ​ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ។

15 ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។

16 ខ្ញុំ​យំឡើង​ហើម​ភ្នែក ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​រូង​ខ្មៅ។

17 ទោះ​យ៉ាង​ណា ក៏​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំគឺ​បរិសុទ្ធ។

18 ឱ ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ ឈប់​ឈរ​នៅ​កន្លែង​ណា​ឡើយ។

19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។

20 ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ

21 ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន។

22 ដ្បិត​នៅមិន​យូ​ឆ្នាំ​ទេ ពេល​កំណត់​នឹង​មក​ដល់ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia