ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 119 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 119

សិរីល្អ​នៃ​ក្រឹត្យ​វិន័យ​របស់​ព្រះ

1 មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា!

2 មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត

3 ជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​វិញ!

4 ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។

5 ឱ​ប្រសិន‌បើ​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ បាន​ខ្ជាប់​ខ្ជួន ដោយ​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ​ទៅ​អេះ!

6 នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

7 កាល​ទូល‌បង្គំ​រៀន​អស់​ទាំង​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ចិត្ត​ទៀង​ត្រង់។

8 ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ ឱ​សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​សោះ​ឡើយ។

9 ៙ តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

10 ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។

11 ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មាន​ពរ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង!

13 បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។

14 ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។

15 ទូល‌បង្គំ​នឹងសញ្ជឹង​គិត​ពីព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​ភ្នែក​ទូល‌បង្គំ​សម្លឹង​មើល​ផ្លូវ​របស់​ព្រះ‌អង្គ។

16 ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

17 ៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

18 សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

19 ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ!

20 ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។

21 ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។

22 សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។

23 ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។

24 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។

25 ៙ ព្រលឹង​ទូល‌បង្គំ​ជាប់​ស្អិត​នឹង​ធូលី​ដី សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

26 កាល​ទូល‌បង្គំ​បាន​ទូល​រៀប​រាប់ អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង!

27 សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

28 ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

29 សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង!

30 ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។

31 ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ!

32 ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។

33 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។

34 សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។

35 សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។

36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!

37 សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

38 សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។

39 សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។

40 មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

41 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ

42 នោះ​ទូល‌បង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​តប​ដល់​អ្នក​ណា ដែល​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

43 សូម​កុំ​ដក​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ចេញ​ពី​មាត់​ទូល‌បង្គំសោះ​ឡើយ ដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​វិន័យ​របស់​ព្រះ‌អង្គ។

44 ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ជា‌និច្ច នៅ​អស់‌កល្ប​ជា‌និច្ច​រហូត​តទៅ

45 ទូល‌បង្គំ​នឹង​ដើរ​ដោយមាន​សេរី‌ភាព ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

46 ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ

47 ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។

48 ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។

49 ៙ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ មាន​ព្រះ‌បន្ទូលមក​កាន់​អ្នក​បម្រើ​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សង្ឃឹម។

50 នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។

51 មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។

52 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។

53 ទូល‌បង្គំ​ឈឺ​ចិត្ត​ដោយ​ព្រោះ​មនុស្ស​អាក្រក់ ជា​អ្នក​ដែល​បោះ‌បង់​ចោល ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

54 ច្បាប់​របស់​ព្រះ‌អង្គ​បាន​ក្លាយ​ជា បទ​ចម្រៀង​របស់​ទូល‌បង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ។

55 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ពេល​យប់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

56 ព្រះ​ពរ​នេះ​បាន​ធ្លាក់​មក​ដល់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

57 ៙ ព្រះ‌យេហូវ៉ា​ជា​ចំណែក​របស់​ទូល‌បង្គំ ទូល‌បង្គំ​សន្យា​នឹងប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។

58 ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ប្រណី​សន្ដោស​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

59 កាល​ទូល‌បង្គំ​គិត​អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ជើង​ទូល‌បង្គំ​ក៏​បែរ​ទៅ​រក សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ

60 ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។

61 ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។

62 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

63 ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ព្រះ​ឱវា​ទ​របស់​ព្រះ‌អង្គ។

64 ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង!

65 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

66 សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

67 ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។

68 ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

69 មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត

70 ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

71 ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។

72 ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។

73 ៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

74 អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

75 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ទេ។

76 សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

77 សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។

78 សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

79 សូម​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ងាក​មក​រក​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

80 សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

81 ៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

82 ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា «តើ​ពេល​ណា​ទើប​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ?»

83 ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។

84 តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំ ដល់​កាល​ណា​ទៀត? តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ?

85 មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

86 បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិតទាំង​អស់ គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូល‌បង្គំ​ផង!

87 គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

88 សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។

89 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​តាំង​ជាប់ នៅ​ស្ថាន‌សួគ៌រហូត​អស់‌កល្ប​ជា‌និច្ច។

90 ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ ព្រះ‌អង្គ​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់។

91 អ្វីៗ​ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ​រហូត​ដល់​សព្វ​ថ្ងៃ ដោយ​សារ​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិតអ្វីៗ​ទាំង​អស់​សម្រាប់​បម្រើ​ព្រះ‌អង្គ។

92 ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​មុខជា​វិនាស ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូល‌បង្គំ​មិន​ខាន។

93 ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

94 ទូល‌បង្គំ​ជា​របស់​ព្រះ‌អង្គ​ហើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

95 មនុស្ស​អាក្រក់​ពួន​ចាំ​សម្លាប់​ទូល‌បង្គំ តែ​ទូល‌បង្គំ​ពិចារណា​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។

96 ទូល‌បង្គំ​បាន​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ដែន​កំណត់ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ធំ​ទូលាយ​ក្រៃលែង។

97 ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ណាស់​ហ្ន៎! ទូល‌បង្គំ​រំពឹង​គិត​អំពី​ក្រឹត្យ‌វិន័យ នោះ​ដរាប​រាល់​ថ្ងៃ។

98 បទ‌បញ្ជា​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​ទូល‌បង្គំ​ជា‌និច្ច។

99 ទូល‌បង្គំ​មាន​យោបល់​ជាង​គ្រូ​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូល‌បង្គំ​សញ្ជឹង​គិត​ពី​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។

100 ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ ដ្បិត​ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

101 ទូល‌បង្គំ​បាន​បង្ខាំង​ជើង ឲ្យ​វៀរ‌ចាក​ពី​អស់​ទាំង​ផ្លូវ​អាក្រក់ ដើម្បី​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

102 ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ។

103 ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត!

104 ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។

105 ៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

106 ទូល‌បង្គំ​បាន​ស្បថ ហើយបាន​សម្រេច​តាម​ថា ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

107 ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គផង!

108 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទទួល តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ទូល‌បង្គំ ហើយ​សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គផង។

109 ជីវិត​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។

110 មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

111 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មត៌ក​របស់​ទូល‌បង្គំជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។

112 ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។

113 ៙ ទូល‌បង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

114 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

115 អ្នករាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម បទ‌បញ្ជា​របស់​ព្រះ​នៃ​ខ្ញុំ។

116 សូម​ទ្រទ្រង់​ទូល‌បង្គំ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ!

117 សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខ ហើយបាន​គោរព​រាប់​អាន​ច្បាប់ របស់​ព្រះ‌អង្គ​ជា‌និច្ច!

118 ព្រះ‌អង្គមិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​ច្បាប់​របស់​ព្រះ‌អង្គ ដ្បិត​ឧបាយកល​របស់​គេ ជាសេចក្ដី​ឥត​ប្រយោជន៍។

119 ព្រះ‌អង្គ​ផាត់​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​គេ​ផាត់​សំរាម ហេតុនេះ​ហើយ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ។

120 រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។

121 ៙ ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​ឲ្យ​ពួក​អ្នក ដែល​សង្កត់‌សង្កិន​ឡើយ។

122 សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។

123 ភ្នែក​ទូល‌បង្គំ​ស្រវាំង ដោយ​រង់​ចាំមើល ការ​សង្គ្រោះទូល‌បង្គំ​របស់​ព្រះ‌អង្គ និងរង់​ចាំ​មើល​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះ‌អង្គ​បាន​សម្រេច។

124 សូម​ប្រព្រឹត្ត​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយសូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

125 ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ!

126 នេះ​ជា​ពេល​ដែល​ព្រះ‌យេហូវ៉ា ចាត់​វិធាន​ការ​ហើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ល្មើស នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

127 ហេតុ​នេះ ទូល‌បង្គំ​ស្រឡាញ់ បទ‌បញ្ជា​របស់​ព្រះ‌អង្គលើស​ជាង​មាស គឺ​លើស​ជាង​មាស​សុទ្ធ​ទៅ​ទៀត។

128 ហេតុ​នេះ ទូល‌បង្គំ​រាប់​ថា ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។

129 ៙ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នេះ​ហើយ​បាន​ជា​ព្រលឹង​ទូល‌បង្គំ ប្រតិ‌បត្តិ​តាម។

130 ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។

131 ទូល‌បង្គំ​ហា​មាត់ ដក​ដង្ហើម​ធំ ព្រោះ​ទូល‌បង្គំ​ចង់​បាន​បទ‌បញ្ជា របស់​ព្រះ‌អង្គ​ណាស់។

132 សូម​បែរ​មក​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ​ផង។

133 សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។

134 សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី ការ​សង្កត់‌សង្កិន​របស់​មនុស្ស ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

135 សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។

136 ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

137 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សុចរិត ហើយ​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ។

138 ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត និង​ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ទាំង​អស់។

139 ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

140 ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ បាន​សម្រិត​សម្រាំង​យ៉ាង​ល្អ ហើយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ស្រឡាញ់​ព្រះ​បន្ទូល​នេះ​ណាស់។

141 ទូល‌បង្គំ​ជា​មនុស្ស​តូច​តាច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែ ទូល‌បង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ។

142 សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។

143 ទុក្ខ​លំបាក និង​ភាព​តាន​តឹង បាន​គ្រប​សង្កត់​ទូល‌បង្គំ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​ទី​រីក​រាយ​ដល់​ទូល‌បង្គំ។

144 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

145 ៙ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។

146 ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

147 ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

148 ភ្នែក​ទូល‌បង្គំ​មិន​បាន​លង់​លក់ នៅ​អស់​ទាំង​យាម​យប់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សញ្ជឹង​គិត អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

149 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​សេចក្ដី​យុត្តិធម៌​របស់​ព្រះ‌អង្គ។

150 អស់​អ្នក​ដែល​បៀត​បៀន​ទូល‌បង្គំ ដោយ​បំណង​អាក្រក់ នាំ​គ្នា​ចូល​មក​ជិត អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។

151 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។

152 តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។

153 ៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។

154 សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង!

155 ការ​សង្គ្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ ដ្បិត​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គទេ។

156 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ធំ​វិសេស​ណាស់ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​វិន័យ​របស់​ព្រះ‌អង្គ។

157 អស់​អ្នក​ដែល​បៀត‌បៀន ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំមាន​គ្នា​ច្រើន ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។

158 ទូល‌បង្គំ​មើល​ទៅ​មនុស្ស​ក្បត់​ដោយ​ស្អប់​ខ្ពើម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។

159 សូមទត​មើល​ថា ទូល‌បង្គំ​ស្រឡាញ់ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​យ៉ាង​ណា! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​រស់ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ។

160 បូក​រួម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ពិត ហើយ​គ្រប់​ទាំង​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

161 ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន ទូល‌បង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែ ចិត្ត​ទូល‌បង្គំ​ស្ញប់​ស្ញែង​នឹង​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ។

162 ទូល‌បង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​មនុស្ស​ដែល​ប្រទះ នឹង​របឹប​ដ៏​មាន​តម្លៃ។

163 ទូល‌បង្គំ​ស្អប់ ហើយ​ខ្ពើម​ពាក្យ​ភូតភរ តែទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

164 ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ មួយ​ថ្ងៃ​ប្រាំពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

165 អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស​លុប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

166 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ការសង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

167 ព្រលឹង​ទូល‌បង្គំប្រតិ‌បត្តិ​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ យ៉ាង​ក្រៃ‌លែង។

168 ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។

169 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

170 សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

171 បបូរ​មាត់​ទូល‌បង្គំ​នឹង​ហូរ​ចេញ​ជា​ពាក្យ​សរសើរ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

172 អណ្ដាត​ទូល‌បង្គំ​នឹង​ច្រៀង អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំងបទ‌បញ្ជា​របស់​ព្រះ‌អង្គ សុទ្ធ​តែ​សុចរិត​ទាំង​អស់។

173 សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បាន​ជ្រើស​រើស​យក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

174 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។

175 សូម​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​វិន័យ​របស់​ព្រះ‌អង្គ ជួយ​ទូល‌បង្គំ​ផង។

176 ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ចៀម​ដែល​បាត់​បង់ សូម​យាង​មក​រក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះ‌អង្គ​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia