ជ័យជម្នះ និងការបែងចែកទឹកដីដែលច្បាំងយកបាននៅខាងនាយទន្លេយ័រដាន់1 ឥឡូវនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វច្រើនសម្បើមណាស់។ កាលគេឃើញថា ស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ 2 នោះកូនចៅកាដ និងកូនចៅរូបេនក៏មកជម្រាបលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងពួកមេដឹកនាំក្រុមជំនុំថា៖ 3 «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និងបេអុន 4 ជាស្រុកដែលព្រះយេហូវ៉ាបានបង្រ្កាប នៅចំពោះក្រុមជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកមួយល្អសម្រាប់ហ្វូងសត្វ ហើយអ្នកបម្រើរបស់លោកមានហ្វូងសត្វហើយ»។ 5 ពួកគេនិយាយថា៖ «ប្រសិនបើយើងខ្ញុំបានប្រកបដោយគុណនៅចំពោះលោក នោះសូមប្រគល់ស្រុកនេះឲ្យអ្នកបម្រើរបស់លោកបានជាកេរអាករផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។ 6 លោកម៉ូសេមានប្រសាសន៍ទៅកូនចៅកាដ និងកូនចៅរូបេនថា៖ «តើត្រូវឲ្យបងប្អូនរបស់អ្នករាល់គ្នាទៅច្បាំង ហើយអ្នករាល់គ្នាអង្គុយសម្ងំនៅទីនេះឬ? 7 ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេដូច្នេះ? 8 ពួកឪពុករបស់អ្នករាល់គ្នាបានធ្វើដូច្នេះឯង នៅពេលដែលខ្ញុំបានចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ។ 9 ដ្បិតកាលគេបានឡើងទៅដល់ជ្រលងភ្នំអែសកុលឃើញស្រុកនោះហើយ គេបានធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់គេ។ 10 នៅថ្ងៃនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆួលឡើង ហើយព្រះអង្គក៏ស្បថថា 11 "មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក 12 មានតែកាលែប ជាកូនរបស់យេភូនេ ក្នុងពូជកេណាស និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ ព្រោះគេបានប្រព្រឹត្តតាមយើងគ្រប់ជំពូក"។ 13 ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គបានធ្វើឲ្យគេដើរវិលវល់ក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែជំនាន់មនុស្ស ដែលបានប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសអស់។ 14 ឥឡូវនេះ មើល៍! អ្នករាល់គ្នាជាពូជរបស់មនុស្សបាប បានងើបឡើង ហើយចង់ធ្វើតាមឪពុករបស់អ្នករាល់គ្នា ដើម្បីបង្កើនសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា ទាស់នឹងសាសន៍អ៊ីស្រាអែល ឲ្យកាន់តែក្តៅឡើងថែមទៀត! 15 ដ្បិតបើអ្នករាល់គ្នាបែរចេញមិនព្រមធ្វើតាមព្រះអង្គ នោះព្រះអង្គនឹងទុកគេចោលឲ្យនៅក្នុងទីរហោស្ថានតទៅទៀត ហើយអ្នករាល់គ្នានឹងធ្វើឲ្យប្រជាជនទាំងអស់នេះត្រូវវិនាស»។ 16 ពេលនោះ ពួកគេចូលមកជិត ជម្រាបលោកថា៖ «យើងខ្ញុំនឹងសង់ក្រោលនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ និងទីក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ 17 តែយើងខ្ញុំនឹងកាន់អាវុធជាទ័ពស្រួច នាំមុខកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងបាននាំពួកគេចូលទៅដល់ទីកន្លែងរបស់ពួកគេ។ ឯកូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំផែងរឹងមាំ ការពារពីអ្នកស្រុកនៅទីនេះ។ 18 យើងខ្ញុំនឹងមិនវិលត្រឡប់មកផ្ទះរបស់យើងខ្ញុំវិញឡើយ រហូតទាល់តែកូនចៅអ៊ីស្រាអែលទាំងអស់យកបានមត៌ករបស់គេរៀងៗខ្លួន។ 19 យើងខ្ញុំនឹងមិនទទួលមត៌កជាមួយពួកគេ នៅត្រើយម្ខាងទៀតនៃទន្លេយ័រដាន់ ឬនៅឯនាយនោះឡើយ ព្រោះមត៌ករបស់យើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតទន្លេយ័រដាន់នេះហើយ»។ 20 ដូច្នេះ លោកម៉ូសេមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ គឺប្រសិនបើអ្នករាល់គ្នាកាន់អាវុធចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា 21 ហើយអ្នកទាំងអស់គ្នាដែលកាន់អាវុធ ឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា រហូតទាល់តែព្រះអង្គបានបណ្តេញខ្មាំងសត្រូវចេញពីមុខព្រះអង្គ 22 ហើយក្រោយពីបានបង្រ្កាបស្រុកនោះនៅចំពោះព្រះយេហូវ៉ា នោះអ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះយេហូវ៉ា និងចំពោះសាសន៍អ៊ីស្រាអែល ឯស្រុកនេះនឹងបានជាកេរអាកររបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។ 23 ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ នោះអ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ា ហើយត្រូវដឹងប្រាកដថា បាបរបស់អ្នករាល់គ្នានឹងតាមអ្នករាល់គ្នាទាន់ជាមិនខាន។ 24 ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងក្រោលសម្រាប់ហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។ 25 ពេលនោះ កូនចៅកាដ និងកូនចៅរូបេនជម្រាបលោកម៉ូសេថា៖ «អ្នកបម្រើរបស់លោកនឹងធ្វើតាមលោកម្ចាស់បង្គាប់។ 26 កូនៗរបស់យើងខ្ញុំ ប្រពន្ធរបស់យើងខ្ញុំ ហ្វូងគោ និងហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅតាមក្រុងនានាក្នុងស្រុកកាឡាដនេះ 27 តែអ្នកបម្រើរបស់លោក ដែលគ្រប់គ្នាសុទ្ធតែកាន់អាវុធសម្រាប់ច្បាំង នឹងឆ្លងទៅច្បាំងនៅចំពោះព្រះយេហូវ៉ា តាមលោកម្ចាស់បង្គាប់»។ 28 ដូច្នេះ លោកម៉ូសេក៏បង្គាប់ដល់សង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធរបស់កូនចៅអ៊ីស្រាអែល អំពីដំណើររបស់គេ។ 29 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាកាន់អាវុធសម្រាប់ច្បាំង ហើយបានបង្រ្កាបស្រុកនោះនៅមុខអ្នករាល់គ្នា នោះត្រូវប្រគល់ស្រុកកាឡាដនេះឲ្យពួកគេទុកជាកេរអាករចុះ។ 30 តែប្រសិនបើគេមិនកាន់អាវុធឆ្លងទៅជាមួយអ្នករាល់គ្នាទេ នោះគេត្រូវបានកេរអាករនៅក្នុងចំណោមអ្នករាល់គ្នា ក្នុងស្រុកកាណានវិញ»។ 31 កូនចៅកាដ និងកូនចៅរូបេនឆ្លើយឡើងថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នកបម្រើរបស់លោកយ៉ាងណា យើងខ្ញុំនឹងធ្វើតាមយ៉ាងនោះ។ 32 យើងខ្ញុំនឹងឆ្លងទៅ ទាំងកាន់អាវុធចូលទៅក្នុងស្រុកកាណាននៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមត៌ករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ»។ 33 លោកម៉ូសេក៏ប្រគល់នគររបស់ស្ដេចស៊ីហុន សាសន៍អាម៉ូរី និងនគររបស់ស្ដេចអុក ស្រុកបាសាន គឺស្រុកទាំងមូល និងទីក្រុងទាំងប៉ុន្មានក្នុងស្រុកនោះ ព្រមទាំងដែនដីនៅជុំវិញទីក្រុងទាំងនោះ ឲ្យកូនចៅកាដ កូនចៅរូបេន និងមួយចំហៀងកុលសម្ព័ន្ធម៉ាណាសេ ដែលជាពូជពង្សរបស់យ៉ូសែប។ 34 កូនចៅកាដក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ 35 អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុកបិហា 36 បេត-នីមរ៉ា និងបេត-ហារ៉ាន ដែលសុទ្ធតែជាទីក្រុងមានកំផែងរឹងមាំ ព្រមទាំងសង់ក្រោលសម្រាប់ហ្វូងសត្វដែរ។ 37 កូនចៅរូបេនសង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម 38 នេបូរ បាល-មេយ៉ូន (ក្រុងទាំងនោះគេបានប្ដូរឈ្មោះ) និងស៊ីបម៉ា។ គេបានដាក់ឈ្មោះថ្មីឲ្យក្រុងទាំងប៉ុន្មានដែលគេបានសង់ឡើងវិញ។ 39 កូនចៅរបស់ម៉ាគារ ជាកូនម៉ាណាសេ បានចេញទៅស្រុកកាឡាដ ហើយចាប់យកស្រុកនោះ ព្រមទាំងបណ្ដេញសាសន៍អាម៉ូរីដែលនៅស្រុកនោះចេញ។ 40 ដូច្នេះ លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យម៉ាគារ ជាកូនម៉ាណាសេ ហើយគាត់ក៏តាំងទីលំនៅក្នុងស្រុកនោះ។ 41 ឯយ៉ាអៀរជាកូនរបស់ម៉ាណាសេ បានចេញទៅវាយយកភូមិនានានៅស្រុកនោះ ហើយដាក់ឈ្មោះភូមិទាំងនោះថា ហាវ៉ុត-យ៉ាអៀរ ។ 42 ចំណែកណូបាសបានចេញទៅវាយយកក្រុងកេណាត និងភូមិនានាដែលនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។ |
© 2016 United Bible Societies
Bible Society in Cambodia