កូនចៅអ៊ីស្រាអែលថ្វាយបង្គំព្រះបាលនៅពេអរ1 កាលពួកអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីមនៅឡើយ ប្រជាជនចាប់ផ្ដើមសហាយស្មន់ជាមួយពួកកូនស្រីសាសន៍ម៉ូអាប់។ 2 ស្ត្រីទាំងនោះបានបបួលប្រជាជនទៅចូលរួមពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ ហើយប្រជាជនអ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះរបស់សាសន៍ម៉ូអាប់។ 3 ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចូលខាងព្រះបាលនៅពេអរ ហើយសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល។ 4 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំរបស់ប្រជាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីពួកអ៊ីស្រាអែល»។ 5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមរបស់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាសម្លាប់មនុស្សរបស់ខ្លួន ដែលចូលខាងព្រះបាលនៅពេអរចេញទៅ»។ 6 ពេលនោះ មានបុរសម្នាក់ក្នុងចំណោមកូនចៅសាសន៍អ៊ីស្រាអែល បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកក្នុងគ្រួសាររបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលដែលគេកំពុងយំនៅទ្វារចូលត្រសាលជំនុំ។ 7 កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ 8 រួចតាមពីក្រោយបុរសនោះ ចូលទៅក្នុងត្រសាល ហើយចាក់ទម្លុះអ្នកទាំងពីរ គឺទាំងបុរសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចក្នុងចំណោមប្រជាជនអ៊ីស្រាអែលក៏ស្ងប់ទៅ។ 9 ប៉ុន្តែ អស់អ្នកដែលបានស្លាប់ដោយសារគ្រោះកាចនោះ មានចំនួនពីរម៉ឺនបួនពាន់នាក់។ 10 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 11 «ភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុន បានបង្វែរសេចក្ដីក្រោធរបស់យើងចេញពីកូនចៅអ៊ីស្រាអែល ដោយព្រោះមានចិត្តឈឺឆ្អាលជំនួសយើង ដើម្បីកុំឲ្យយើងបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់យើង។ 12 ដូច្នេះ ចូរប្រាប់ថា "មើល៍! យើងតាំងសេចក្ដីសញ្ញារបស់យើងជាមួយគាត់ គឺសេចក្ដីសញ្ញានៃការចងមេត្រី" 13 គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។ 14 បុរសសាសន៍អ៊ីស្រាអែលដែលត្រូវស្លាប់ជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់សាលូវ ជាមេលើវង្សានុវង្សមួយរបស់ឪពុក ក្នុងកុលសម្ព័ន្ធស៊ីម្មាន។ 15 ស្ត្រីសាសន៍ម៉ាឌានដែលត្រូវស្លាប់នោះ ឈ្មោះកូសប៊ី ជាកូនរបស់ស៊ើរ ដែលជាមេលើវង្សមួយរបស់ឪពុកក្នុងសាសន៍ម៉ាឌាន។ 16 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17 «ចូរធ្វើទុក្ខសាសន៍ម៉ាឌាន ហើយវាយគេចុះ 18 ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។ |
© 2016 United Bible Societies
Bible Society in Cambodia