ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ជន‌គណនា 1

ការ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល​លើកដំបូង

1 នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖

2 «ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ

3 ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ត្រូវ​ឲ្យ​មាន​ម្នាក់​ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​ខ្លួន មក​ធ្វើ​ការ​ជា‌មួយ​អ្នក។

5 ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​ជួយ​ការ​ងារ​អ្នក មាន​ដូច​តទៅ៖ អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។

6 ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

7 ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

8 នេថា‌នេល ជា​កូន​របស់​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសាខារ។

9 អេលាប ជា​កូន​របស់​ហេឡូន ពី​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។

10 កូន​ចៅ​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​អេប្រាអិម និង​កាម៉ា‌លាល ជា​កូន​រប​ស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

11 អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន

12 អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។

13 ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន ពី​កុល‌សម្ព័ន្ធ​អេស៊ើរ។

14 អេលា‌សាប់ ជា​កូន​របស់​ដេហ៊ូអែល ពី​កុល‌សម្ព័ន្ធ​កាដ។

15 អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។

16 នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ក្រុម​ជំនុំ សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន និង​ជា​មេ​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល។

17 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​អ្នក​ដែល​បាន​រាយ​ឈ្មោះ​ខាង​លើ​នេះ​មក

18 ហើយ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីពីរ​នោះ អ្នក​ទាំង​នោះ​បាន​ប្រមូល​ក្រុម​ជំនុំ​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​ក៏​បាន​ចុះ​ឈ្មោះ​តាម​ពូជ​អំបូរ​របស់​ខ្លួន តាម​វង្សា‌នុវង្ស​របស់​ឪពុក ឲ្យ​ត្រូវ​នឹង​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់ៗ​គ្នា

19 លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។

20 កូន​ចៅ​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។

21 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​រូបេន មាន​ចំនួន ៤៦ ៥០០ នាក់។

22 កូន​ចៅ​របស់​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ដែល​បាន​រាប់ តាម​ចំនួន​ឈ្មោះ​រៀងៗ​ខ្លួន គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

23 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន ៥៩ ៣០០ នាក់។

24 កូន​ចៅ​របស់​កាដ រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។

25 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។

26 កូន​ចៅ​របស់​យូដា តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

27 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​យូដា មាន​ចំនួន ៧៤ ៦០០ នាក់។

28 កូន​ចៅ​របស់​អ៊ីសាខារ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

29 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាខារ មាន​ចំនួន ៥៤ ៤០០ នាក់។

30 កូន​ចៅ​របស់​សាប់‌យូ‌ឡូន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

31 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។

32 ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

33 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអិម មាន​ចំនួន ៤០ ៥០០ នាក់។

34 កូន​ចៅ​របស់​ម៉ាណា‌សេ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

35 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ចំនួន ៣២ ២០០ នាក់។

36 កូន​ចៅ​របស់​បេនយ៉ាមីន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

37 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​ចំនួន ៣៥ ៤០០ នាក់។

38 កូន​ចៅ​របស់​ដាន់ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

39 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មាន​ចំនួន ៦២ ៧០០ នាក់។

40 កូន​ចៅ​របស់​អេស៊ើរ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

41 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​ចំនួន ៤១ ៥០០ នាក់។

42 កូន​ចៅ​របស់​ណែប‌ថាលី តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

43 អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​ចំនួន ៥៣ ៤០០ នាក់។

44 នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​ដប់​ពីរ​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ម្នាក់​ៗ​តំណាង​ឲ្យ​វង្សា‌នុវង្ស​របស់​ឪពុក​ខ្លួន​បាន​រាប់។

45 ដូច្នេះ ចំនួន​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​សាសន៍‌អ៊ីស្រាអែល ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់​គ្នា

46 ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។

47 ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។

48 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​ម៉ូសេ​ថា៖

49 «មាន​តែ​កុល‌សម្ព័ន្ធ​លេវី​មួយ​ទេ ដែល​អ្នក​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​ជំរឿន​ពួក‌គេ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯទៀតៗ​ឡើយ។

50 ប៉ុន្តែ អ្នក​ត្រូវ​តាំង​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា លើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​សម្រាប់​រោង​ឧបោសថ​នោះ។ ពួក‌គេ​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ពួក‌គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​នោះ ហើយ​ក៏​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នោះ​ដែរ។

51 កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

52 ពួក​អ៊ីស្រា‌អែល​ដទៃ​ទៀត ត្រូវ​បោះ​ជំរំ​តាម​កន្លែង​រៀង​ខ្លួន គ្រប់​គ្នា​តាម​ជំរំ​រៀង​ខ្លួន តាម​អង្គ‌ភាព​រៀង​ខ្លួន ជិត​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន

53 តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។

54 ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​ធ្វើ​តាម​គ្រប់​ទាំង​អស់។

© 2016 United Bible Societies

Bible Society in Cambodia