ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 10 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 10

សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ស៊ីរី

1 ក្រោយ​មក ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន​ស្លាប់ ហើយ​បុត្រា​នាម​ហា‌នូន ឡើង​សោយ​រាជ្យ​ជំនួស។

2 ស្តេច​ទត​គិត​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហា‌នូន ជា​បុត្រ​របស់​ស្តេច​ណា‌ហាស ដូច​បិតា​របស់​ស្តេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ទត​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ស្តេច​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​ស្លាប់។ ពេល​ពួក​មន្ត្រី​របស់​ទត​ទៅ​ដល់​ស្រុក​អាំម៉ូន

3 មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ជម្រាប​ស្តេច​ហា‌នូន ជា​ចៅហ្វាយ​របស់​ខ្លួន​ថា៖ «តើ​ស្តេច​ជឿ​ថា ទត​ចាត់​ពួក​មន្ត្រី ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ផ្តល់​កិត្តិ‌យស​ដល់​បិតា​របស់​ស្តេច​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទី‌ក្រុង ក្នុង​គោល​បំណង​វាយ​ដណ្តើម​យក»។

4 ពេល​នោះ ស្តេច​ហា‌នូន​ចាប់​ពួក​មន្ត្រី​របស់​ទត ហើយ​ឲ្យ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្តេញ​ឲ្យ​ទៅ​វិញ។

5 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ស្តេច​ទត គាត់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ទត​បាន​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរី‌ខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​អ្នក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

6 កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ទត​ខឹង​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់ ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្តេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។

7 ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។

8 ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។

9 លោក​យ៉ូអាប់​ឃើញ​ថា គាត់​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ​គាត់​ជ្រើស​រើស​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រ‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។

10 រីឯ​កង‌ទ័ព​ដែល​នៅ​សល់ គាត់​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន។

11 គាត់​និយាយ​ទៅ​កាន់​ប្អូន​របស់​គាត់​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។

12 ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។

13 លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព​បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​គាត់។

14 កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

15 ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រ‌អែល គេ​ក៏​ប្រមូល​ផ្តុំ​កង‌ទ័ព។

16 ស្តេច​ហាដា‌រេស៊ើរ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺ‌ប្រាត​មក​ជួយ។ កង‌ទ័ព​ស៊ីរី​បាន​មក​ដល់​ហេ‌ឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ ជា​អ្នក​ដឹក​នាំ។

17 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ស្តេច​ទត ទត​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ស្តេច​ទត ហើយ​វាយ​សំរុក។

18 ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រ‌អែល។ ស្តេច​ទត​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង អស់​ប្រាំ​ពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ គាត់​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។

19 កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ស្តេច​ហាដា‌រេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្តេច​ទត ហើយ​ចុះ​ចូល​នឹង​ទត។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies