២ សាំយូអែល 11 - អាល់គីតាបណាពីទត និងនាងបាតសេបា 1 មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ទតចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកំទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯស្តេចទតនៅក្រុងយេរូសាឡឹម។ 2 មានថ្ងៃមួយ នៅពេលរសៀល ស្តេចទតក្រោកពីសម្រាន្ត ហើយគាត់ដើរកំសាន្តតាមថែវ ដែលនៅជាន់ខាងលើដំណាក់។ គាត់ឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ 3 គាត់ក៏ស៊ើបសួរពីស្ត្រីនោះ គេជម្រាបថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលាម និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។ 4 ស្តេចទតចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់គាត់ ហើយគាត់ក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើជម្រះកាយឲ្យបរិសុទ្ធ។ 5 នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅជម្រាបស្តេចទតថា៖ «ខ្ញុំមានផ្ទៃពោះហើយ»។ 6 ពេលនោះ ស្តេចទតចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ 7 លុះលោកអ៊ូរីមកដល់ ស្តេចទតសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។ 8 បន្ទាប់មក ទតមានប្រសាសន៍ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយទតក៏ឲ្យគេយកអំណោយទៅជូនគាត់តាមក្រោយ។ 9 ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺគាត់ទៅដេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់។ 10 មានគេជម្រាបស្តេចទតថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះទតសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ 11 លោកអ៊ូរីជម្រាបទតថា៖ «សូមជម្រាបស្តេចថា ហិបរបស់អុលឡោះតាអាឡាស្ថិតនៅក្នុងជំរំ ហើយកងទ័ពអ៊ីស្រអែល និងយូដាស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ខ្ញុំ និងនាយទាហានក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យខ្ញុំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកអោបប្រពន្ធម្តេចកើត? ខ្ញុំសូមស្បថថា ដរាបណាស្តេចមានជីវិតនៅ ខ្ញុំមិនប្រព្រឹត្តដូច្នេះឡើយ!»។ 12 ទតតបវិញថា៖ «ថ្ងៃនេះចូរអ្នកនៅទីនេះសិនចុះ ចាំស្អែកយើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ 13 ស្តេចទតអញ្ជើញគាត់មក ជប់លៀងរួមតុ ព្រមទាំងបង្អកស្រាគាត់ឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅដេកជាមួយនាយទាហានរបស់ទតដដែល គឺគាត់ពុំបានវិលត្រឡប់ទៅផ្ទះរបស់គាត់ទេ។ 14 ព្រលឹមឡើង ស្តេចទតសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ 15 ក្នុងសំបុត្រនោះទតសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។ មរណភាពរបស់លោកអ៊ូរី 16 លោកយ៉ូអាប់ សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលគាត់ដឹងថា មានសត្រូវខ្លាំងពូកែ។ 17 កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ស្តេចទត រីឯលោកអ៊ូរី ជាជនជាតិហេតក៏ស្លាប់ដែរ។ 18 លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ជូនស្តេចទត យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចំបាំង 19 គឺគាត់បញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចំបាំងចប់សព្វគ្រប់ហើយ 20 ប្រសិនបើស្តេចទតខឹង ហើយសួរថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ? 21 តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាលត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែង មកចំគាត់។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវជម្រាបស្តេចទតថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។ 22 អ្នកនាំសារចេញទៅ រាយការណ៍ជូនស្តេចទត នូវសេចក្តីទាំងប៉ុន្មានដែលលោកយ៉ូអាប់បានបង្គាប់។ 23 អ្នកនាំសារនោះ បានរៀបរាប់ជម្រាបស្តេចទតថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។ 24 ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ស្តេចក៏ស្លាប់ដែរ»។ 25 ស្តេចទតមានប្រសាសន៍ទៅកាន់អ្នកនាំសារនោះថា៖ «ចូរលើកទឹកចិត្តលោកយ៉ូអាប់ថា កុំឲ្យពិបាកចិត្តព្រោះតែរឿងនេះឡើយ ដ្បិតក្នុងសង្គ្រាមតែងតែមានការស្លាប់ទាំងសងខាងដូច្នេះ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំងក្លាឡើង ហើយបំផ្លាញក្រុងនោះឲ្យបាន»។ 26 ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។ 27 លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies