២ សាំយូអែល 9 - អាល់គីតាបណាពីទតទទួលមេភីបូសែតចូលវាំង 1 ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។ 2 ក្នុងចំណោមអ្នកបម្រើរបស់ស្តេចសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកជួបស្តេចទត ហើយសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 3 ទតសួរថា៖ «តើក្នុងរាជវង្សរបស់ស្តេចសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្តីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះអុលឡោះ»។ ស៊ីបាជម្រាបថា៖ «មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ គាត់ខ្វិនជើងទាំងពីរ»។ 4 ទតសួរថា៖ «តើគេនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់ស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។ 5 ស្តេចទតចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ 6 កាលលោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល បានមកជួបស្តេចទត គាត់អោនចុះ ក្រាបមុខដល់ដីគោរពស្តេចទត។ ស្តេចទតសួរគាត់ថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 7 ស្តេចទតប្រាប់ថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ 8 លោកមេភីបូសែតក្រាបគោរព ហើយសួរថា៖ «តើខ្ញុំមានឋានៈអ្វីបានជាលោកយកចិត្តទុកដាក់នឹងខ្ញុំម៉្លេះ ខ្ញុំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។ 9 ពេលនោះ ទតហៅស៊ីបា ជាអ្នកបម្រើរបស់ស្តេចសូលមក ហើយប្រាប់ទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល និងញាតិវង្សឲ្យមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក។ 10 ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផល ជាស្បៀងអាហារ ទុកសម្រាប់កូនរបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ 11 គាត់ជម្រាបថា៖ «ខ្ញុំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេច»។ ចាប់ពីពេលនោះទៅ លោកមេភីបូសែតបានពិសាបាយរួមតុជាមួយទត ដ្បិតគាត់ជាពូជពង្សរបស់ស្តេច។ 12 លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់គាត់។ 13 ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយស្តេចទតរៀងរាល់ថ្ងៃ គាត់ត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។ |
© 2014 United Bible Societies, UK.
United Bible Societies