ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 23 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 23

មុខ‌ងារ​របស់​ក្រុម​លេវី

1 កាល​ស្តេច​ទត​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​ស៊ូឡៃ‌ម៉ាន​ជា​កូន ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។

2 ស្តេច​ទត​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រ‌អែល ព្រម​ទាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​ចូល​មក​ជួប។

3 គេ​បាន​រាប់​ក្រុម​លេវី​ម្តង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាម‌សិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។

4 ស្តេច​ទត​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា ៦ ០០០ នាក់ ឲ្យ​ធ្វើ​ជា​មន្ត្រី​រាជ​ការ និង​ចៅ‌ក្រម។

5 ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។

6 ស្តេច​ទត​បាន​បែង​ចែក​កូន​ចៅ​លេវី ជា​ក្រុម​តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គើរ‌សុន អំបូរ​កេ‌ហាត់ និង​អំបូរ​ម៉្រារី។

7 កូន​របស់​លោក​គើរ‌សុន មាន: ឡាអា‌ដាន និង​ស៊ី‌ម៉ៃ។

8 កូន​របស់​លោក​ឡាអា‌ដាន មាន​បី​នាក់​គឺ យេហ៊ី‌អែល​ជា​មេ​ដឹក​នាំ សេថាម និង​យ៉ូ‌អែល។

9 កូន​របស់​លោក​ស៊ី‌ម៉ៃ មាន​បី​នាក់ គឺ សឡូ‌មីត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ឋ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាអា‌ដាន។

10 លោក​ស៊ី‌ម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីណា យេអ៊ូស និង​បេរា។

11 លោក​យ៉ាហាត ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីណា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរា​គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ​ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។

12 កូន​របស់​លោក​កេ‌ហាត់ មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល។

13 កូន​របស់​លោក​អាំរ៉ាម​មាន ណាពី​ហារូន និង​ណាពី​ម៉ូសា។ គេ​បាន​ញែក​ណាពី​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ជូន​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា​បម្រើ​ការ‌ងារ​របស់​ទ្រង់ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ រហូត​ត​រៀង​ទៅ។

14 រីឯ​ណាពី​ម៉ូសា​វិញ គាត់​ជា​អ្នក​ជំនិត​របស់​អុលឡោះគេ​រាប់​បញ្ចូល​កូនៗ​របស់​គាត់ ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។

15 កូន​របស់​ណាពី​ម៉ូសា​គឺ គើរ‌សុន និង​លោក​អេលា‌ស៊ើរ។

16 កូន​របស់​លោក​គើរ‌សុន​មាន លោក​សេបួល ដែល​ជា​មេ​ដឹក​នាំ។

17 លោក​អេលា‌ស៊ើរ មាន​កូន​ប្រុស​តែ​មួយ​ឈ្មោះ​រេហាប‌យ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាប‌យ៉ា​មាន​កូន​ជា​ច្រើន។

18 កូន​របស់​លោក​យីត‌សារ មាន​លោក​សឡូ‌មីត​ជា​មេ​ដឹក​នាំ។

19 កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​លោក​អម៉ា‌រា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌សៀល ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មាម ជា​មេ​ដឹក​នាំ​ទី​បួន។

20 កូន​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។

21 កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់‌លី​មាន អេ‌ឡា‌សារ និង​លោក​គីស។

22 លោក​អេ‌ឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ។

23 កូន​របស់​លោក​មូស៊ី មាន​បី​នាក់ គឺ​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។

24 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

25 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ប្រោស​ប្រទាន​សេចក្តី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។

26 ដូច្នេះ​ពួក​លេវី​មិន​ចាំ‌បាច់​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ​ទៀត​ឡើយ»។

27 គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ស្តេច​ទត។

28 ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​បង្គាប់​កូន​ចៅ​ណាពី​ហារូន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ។

29 ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ជូន​អុលឡោះ‌តាអាឡា រៀប‌ចំ​ម្សៅ​ម៉ដ្ត​សម្រាប់​ជំនូន​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។

30 ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​គុណអុលឡោះ‌តាអាឡា

31 ហើយ​ត្រូវ​ធ្វើ​គូរបាន​ដុត​ចំពោះអុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។

32 ពួក​គេ​ត្រូវ​មើល​ថែ​រក្សា​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ទី‌សក្ការៈ ហើយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ‌តាអាឡា ក្រោម​បញ្ជា​កូន​ចៅ​ណាពី​ហារូន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ។

© 2014 United Bible Societies, UK.

United Bible Societies