ពួកមន្ត្រីរបស់ណាពីទតត្រូវអាម៉ាស់មុខ1 ក្រោយមក ស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានស្លាប់ ហើយបុត្ររបស់ស្តេចឡើងស្នងរាជ្យ។ 2 ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូនជាបុត្ររបស់ស្តេចណាហាស ដូចឪពុករបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ដូច្នេះស្តេចទតចាត់រាជប្រតិភូ ឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលឪពុកស្លាប់។ នៅពេលពួកមន្ត្រីរបស់ស្តេចទតទៅដល់ស្រុកអាំម៉ូន ចូលជួបស្តេចហានូនដើម្បីរំលែកទុក្ខ 3 ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូន ជម្រាបស្តេចហានូនថា៖ «តើស្តេចជឿថា ស្តេចទតចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីផ្តល់កិត្តិយសដល់ឪពុករបស់ស្តេចមែនឬ? តាមពិតពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្តើមយកប៉ុណ្ណោះ»។ 4 ពេលនោះស្តេចហានូនចាប់ពួកមន្ត្រីរបស់ស្តេចទត ឲ្យគេកោរពុកចង្កា ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្តេញឲ្យទៅវិញ។ 5 មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅជម្រាបស្តេចទត ស្តេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្តេចបង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់អ្នកដុះឡើងវិញសឹមត្រឡប់មក»។ សង្គ្រាមជាមួយជនជាតិអាំម៉ូន និងជនជាតិស៊ីរី6 កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យស្តេចទតខឹងដូច្នេះ ស្តេចហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចំបាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។ 7 ពួកគេជួលរទេះចំបាំង ៣២ ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពដែលមកបោះទ័ពនៅទល់មុខក្រុងមេឌីបា។ បន្ទាប់មក ជនជាតិអាំម៉ូននាំគ្នាចេញពីទីក្រុងរបស់ខ្លួន រួចតំរៀបជាក្បួនទ័ពដើម្បីច្បាំង។ 8 កាលស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ 9 កងទ័ពអាំម៉ូនចេញមកត្រៀម នៅច្រកចូលទីក្រុង។ រីឯស្តេចឯទៀតៗស្ថិតនៅតាមទីវាល ដាច់ឡែកពីគេ។ 10 លោកយ៉ូអាប់ឃើញថាគាត់ត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ គាត់ក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។ 11 រីឯកងទ័ពដែលនៅសល់ គាត់ប្រគល់ឲ្យលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។ 12 គាត់និយាយទៅកាន់ប្អូនរបស់គាត់ថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូន។ 13 ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ម្ចាស់នៃយើង។ សូមអុលឡោះតាអាឡាសម្រេចតាមបំណងរបស់ទ្រង់ចុះ»។ 14 លោកយ៉ូអាប់ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខគាត់។ 15 កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ វិលចូលទៅក្នុងក្រុងរបស់គេវិញ។ លោកយ៉ូអាប់វិលចូលមកក្រុងយេរូសាឡឹមវិញដែរ។ 16 ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រអែល ពួកគេចាត់អ្នកនាំសារឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរជាអ្នកដឹកនាំ។ 17 មានគេនាំដំណឹងនេះ មកជម្រាបស្តេចទត គាត់ក៏ប្រមូលកងទ័ពអ៊ីស្រអែលទាំងមូលឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ស្តេចទតក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសំរុកគាត់។ 18 ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល ហើយស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្តេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ 19 កាលស្តេចទាំងប៉ុន្មានដែលចំណុះស្តេចហាដារេស៊ើរឃើញថា ពួកគេចាញ់កងទ័ពអ៊ីស្រអែល ពួកគេក៏មកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយស្តេចទត ហើយចុះចូលនឹងគាត់ផង។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនចង់ជួយជនជាតិអាំម៉ូនទៀតឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies