Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 18 - អាល់គីតាប


ជ័យ‌ជំនះ​របស់​ណាពី​ទត​លើ​ស្រុក​ជិត​ខាង

1 ក្រោយ​មក​ស្តេច​ទត​វាយ​ឈ្នះ​ជន‌ជាតិ​ភីលី‌ស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្តើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្តាប់​ដៃ​របស់​ពួក​គេ។

2 ស្តេច​ទត​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ។ ជន‌ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយសារ‌អាករ​ផង។

3 ស្តេច​ទត​វាយ​ឈ្នះ​ស្តេច​ហាដា‌រេស៊ើរ ជា​ស្តេច​ស្រុក​សូបា​នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ស្តេច​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺ‌ប្រាត។

4 ស្តេច​ទត​រឹប​អូស​យក​បាន​រទេះ​ចំបាំង​ចំនួន​១ ០០០​គ្រឿង ពី​ស្តេច​ហាដា‌រេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ គាត់​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។

5 ពេល​នោះ​ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ស្តេច​ហាដា‌រេស៊ើរ​ជា​ស្តេច​ស្រុក​សូបា។ ស្តេច​ទត​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន២២ ០០០​នាក់។

6 ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន‌ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយសារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។

7 ស្តេច​ទត​រឹប​អូស​យក​ខែល​មាស ពី​ពួក​មេ‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

8 ស្តេច​ទត​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។ ក្រោយ​មក ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ម៉ាស្ជិទ។

9 កាល​ស្តេច​ថូអ៊ី ជា​ស្តេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា ស្តេច​ទត​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល របស់​ស្តេច​ហាដា‌រេស៊ើរ​ជា​ស្តេច​ក្រុង​សូបា

10 ស្តេច​ក៏​ចាត់​សម្តេច​យ៉ូរ៉ាម​ជា​កូន ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ស្តេច​ហាដា‌រេស៊ើរ​ដែរ។

11 ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។

12 លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។

13 លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​ទៅ។


បញ្ជី​រាយ​នាម​មន្ត្រី​របស់​ណាពី​ទត

14 ស្តេច​ទត​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។

15 លោក​យ៉ូអាប់​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។

16 អ៊ីមុាំ​សាដុក​កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អហ៊ី‌ម៉ាឡេក​កូន​របស់​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។ លោក​សេរ៉ា‌យ៉ា​ជា​លេខា‌ធិការ​របស់​ស្តេច។

17 លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​កូន​ទាំង​ប៉ុន្មាន​របស់​ទត មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម