ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 21 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 21

ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត

1 ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក មាន​ហេតុ‌ការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេស‌រាល មាន​បុរស​ម្នាក់​ឈ្មោះ​ណា‌បោត គាត់​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ​នៅ​ជិត​រាជ‌វាំង​ស្តេច​អហាប់ ជា​ស្តេច​នៅ​ក្រុង​សាម៉ារី។

2 ថ្ងៃ​មួយ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ណា‌បោត​ថា៖ «ចូរ​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក មក​ឲ្យ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចម្ការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ​ល្អ​ជាង​ចម្ការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ»។

3 លោក​ណា‌បោត​ជម្រាប​ស្តេច​អហាប់​ថា៖ «សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ចុះ ថា​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ជូន​ស្តេច​បាន​ទេ»។

4 ស្តេច​អហាប់​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ខឹង ព្រោះ​តែ​ពាក្យ​សំដី​ដែល​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​និយាយ​ថា “ខ្ញុំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរ‌មត៌ក​ពី​ដូន‌តា​នេះ ជូន​ស្តេច​បាន​ទេ”។ ស្តេច​ដេក​លើ​គ្រែ​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​ពិសា​ឡើយ។

5 ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា មក​ជួប​ស្តេច ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​មាន​ចិត្ត​មួម៉ៅ មិន​ព្រម​ពិសា​ដូច្នេះ?»។

6 ស្តេច​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា “ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក មក​ឲ្យ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ខ្ញុំ​មិន​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្ញុំ ជូន​ស្តេច​ទេ!”»។

7 ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។

8 ម្ចាស់​ក្សត្រី​យេសិ‌បិល​សរសេរ​រាជ‌សារ​ក្នុង​នាម​ស្តេច​អហាប់ ព្រម​ទាំង​យក​ត្រា​រាជ្យ​មក​ប្រថាប់​ផង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ជូន​ពួក​អះលី‌ជំអះ និង​ថ្នាក់​ដឹក​នាំ​ដែល​នៅ​ក្រុង​ជា​មួយ​លោក​ណា‌បោត។

9 ក្នុង​រាជ‌សារ​ទាំង​នោះ​ម្ចាស់​ក្សត្រី​យេសិ‌បិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណា‌បោត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។

10 ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។

11 ពួក​អះលី‌ជំអះ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណា‌បោត ធ្វើ​តាម​សេចក្តី​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​បាន​បញ្ជា​ក្នុង​រាជ‌សារ។

12 ពួក​គេ​ប្រកាស​ពិធី​តម​អាហារ ហើយ​ឲ្យ​លោក​ណា‌បោត​អង្គុយ​នៅ​កន្លែង​គណៈ‌អធិ‌បតី។

13 មនុស្ស​ខិលខូច​ពីរ​នាក់ មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណា‌បោត រួច​ចោទ​ប្រកាន់​គាត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ថា៖ «លោក​ណា‌បោត​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!»។ ដូច្នេះ គេ​នាំ​លោក​ណា‌បោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។

14 គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោត​ហើយ»។

15 កាល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ជម្រាប​ស្តេច​អហាប់​ថា៖ «សូម​ក្រោក​ឡើង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​មិន​ព្រម​លក់​ជូន​ស្តេច​ចុះ ដ្បិត​ណា‌បោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។

16 កាល​ស្តេច​អហាប់​ជ្រាប​ថា លោក​ណា‌បោត​ស្លាប់​ហើយ គាត់​ក៏​ក្រោក​ឡើង​ដើរ​ចុះ​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល។

អុលឡោះ‌តាអាឡា ​ដាក់​ទោស​ស្តេច​អហាប់ និង​ម្ចាស់​ក្សត្រី​យេសិ‌បិល

17 ពេល​នោះអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

18 «ចូរ​ក្រោក​ឡើង​ទៅ​ជួប​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។

19 ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណា‌បោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។

20 ស្តេច​អហាប់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «នែ៎​សត្រូវ​អើយ! តើ​អ្នក​មក​ជួប​យើង​ទៀត ហើយ​ឬ?»។ អេលី‌យ៉េស​ជម្រាប​ថា៖ «ខ្ញុំ​មក​ជួប​ស្តេច ព្រោះ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រ‌អែល។

22 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ដូច​ពូជ‌ពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ីយ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។

23 អុលឡោះ‌តាអាឡា​មាន​បន្ទូល អំពី​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិ‌បិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។

24 កូន​ចៅ​របស់​អហាប់​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក‌ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»។

25 មិន​ដែល​មាន​នរណា ដូច​ស្តេច​អហាប់​ទេ គឺ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា។

26 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូ‌រី ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល។

27 កាល​ស្តេច​អហាប់​ឮ​បន្ទូល​ទាំង​នោះ​ហើយ គាត់​ហែក​អាវ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ដេក ក៏​ស្តេច​ស្លៀក​បាវ​ដែរ ហើយ​ដើរ​យឺតៗ។

28 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

29 «អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ​នៅ​ជំនាន់​ក្រោយ»។

© 2014 United Bible Societies, UK.

United Bible Societies