ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 17 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 17

ណាពី​អេលី‌យ៉េស​ប្រកាស​ការ​រាំង​ស្ងួត

1 អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។

ណាពី​អេលី‌យ៉េស​នៅ​មាត់​ជ្រោះ​កេរីត

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស​ថា៖

3 «ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។

4 អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។

5 គាត់​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​បន្ទូលអុលឡោះ‌តាអាឡា គឺ​គាត់​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។

6 ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​គាត់ ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​គាត់​បរិភោគ​ទឹក​ជ្រោះ​នោះ។

ណាពី​អេលី‌យ៉េស​ស្នាក់​នៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សា‌រិប‌តា

7 បន្តិច​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​ទេ។

8 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស​ថា៖

9 «ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់‌ផ្គង់​អ្នក»។

10 គាត់​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សា‌រិប‌តា។ លុះ​ដល់​មាត់​ទ្វារ​ក្រុង គាត់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ កំពុង​តែ​រើស​អុស។ គាត់​ហៅ​ស្ត្រី​នោះ​មក ហើយ​និយាយ​ទៅ​កាន់​នាង​ថា៖ «សូម​ទៅ​យក​ទឹក​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច!»។

11 នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ គាត់​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​ឲ្យ​ខ្ញុំ​មួយ​ដុំ​ផង!»។

12 នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ជា​ម្ចាស់​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្តាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង​សម្រាប់​នាង​ខ្ញុំ និង​កូន​ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្តាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។

13 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច យក​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សម្រាប់​នាង និង​កូន​របស់​នាង

14 ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃអុលឡោះ‌តាអាឡា​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។

15 នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​អេលី‌យ៉េស​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ ជា​យូរ​ថ្ងៃ​ទាំង​នាង​ទាំង​កូន​នាង និង​អេលី‌យ៉េស

16 គឺ​ម្សៅ​មិន​ចេះ​រលោះ​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលោះ​ពី​ដប ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​អេលី‌យ៉េស។

ណាពី​អេលី‌យ៉េស​ប្រោស​កូន​របស់​ស្ត្រី​មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ

17 ក្រោយ​ហេតុ‌ការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ ជា​ម្ចាស់​ផ្ទះ​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។

18 ស្ត្រី​ជា​ម្តាយ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «អ្នក​នាំ​សារ​របស់​អុលឡោះ​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។

19 គាត់​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ គាត់​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ​ជា​បន្ទប់​ដែល​គាត់​ស្នាក់​នៅ រួច​ផ្តេក​វា​លើ​គ្រែ​របស់​គាត់។

20 បន្ទាប់​មក គាត់​អង្វរអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ! ស្ត្រី​មេម៉ាយ​នេះ បាន​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ទ្រង់​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។

21 គាត់​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ! សូម​ប្រោស​ប្រទាន​ឲ្យ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។

22 អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​អង្វរ​របស់​អេលី‌យ៉េស។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។

23 អេលី‌យ៉េស​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្តាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។

24 ស្ត្រី​នោះ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​នាំ​សារ​របស់​អុលឡោះ​មែន ហើយ​សេចក្តី​ដែល​លោក​ថ្លែង ពិត​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។

© 2014 United Bible Societies, UK.

United Bible Societies