Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 18 - អាល់គីតាប


ណាពី​អេលី‌យ៉េស​ជួប​ស្តេច​អហាប់

1 ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេលី‌យ៉េស​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។

2 អេលី‌យ៉េស​ក៏​ចូល​ទៅ​ជួប​ស្តេច​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។

3 ស្តេច​អហាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបា‌ឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក លោក​អូបា‌ឌា​ជា​មនុស្ស​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ណាស់។

4 នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា លោក​អូបា‌ឌា​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។

5 ស្តេច​អហាប់​ប្រាប់​លោក​អូបា‌ឌា​ថា៖ «សូម​អ្នក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែង‌លោ​យើង​រក​បាន​ស្មៅ សម្រាប់​សេះ និង​លា​ដើម្បី​ឲ្យ​វា​នៅ​រស់ ហើយ​ចៀស​វាង​សម្លាប់​សត្វ​ទាំង​នេះ»។

6 ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ស្តេច​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបា‌ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។

7 ក្នុង​ពេល​ដែល​លោក​អូបា‌ឌា​ធ្វើ​ដំណើរ អេលី‌យ៉េស​បាន​ជួប​នឹង​គាត់។ លោក​អូបា‌ឌា​មើល​អេលី‌យ៉េស​ស្គាល់ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​អេលី‌យ៉េស​ឬ?»

8 អេលី‌យ៉េស​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ជម្រាប​ស្តេច​ថា អេលី‌យ៉េស​មក​ដល់​ហើយ!»។

9 លោក​អូបា‌ឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​អហាប់ ដើម្បី​ឲ្យ​ស្តេច​សម្លាប់​ខ្ញុំ​ដូច្នេះ?

10 ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជា​ម្ចាស់​របស់​លោក​ថា: ស្តេច​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជា‌ជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្តេច​តែងតែ​ឲ្យ​នគរ ឬ​ប្រជា‌ជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។

11 ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ថា លោក​អញ្ជើញ​មក​ហើយ!

12 ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ប្រសិន​បើ​រស​របស់អុលឡោះ‌តាអាឡា​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ​ដែល​ខ្ញុំ​មិន​ដឹង ហើយ​បើ​ស្តេច​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​រាយ‌ការណ៍​ជូន​ទេ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ពុំ‌ខាន ថ្វី​ដ្បិត​តែ​ខ្ញុំ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តាំង​ពី​ក្មេង​មក​ក៏​ដោយ។

13 គ្មាន​នរណា​ជម្រាប​លោក​ម្ចាស់​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ណាពី​របស់អុលឡោះ‌តាអាឡា ខ្ញុំ​បាន​នាំ​ណាពី​មួយ​រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម​ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​ខ្ញុំ​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។

14 ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ពុំ‌ខាន!»។

15 អេលី‌យ៉េស​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​ជួប​ស្តេច​អហាប់»។

16 លោក​អូបា‌ឌា​ចូល​ទៅ​ជួប​ស្តេច​អហាប់ ហើយ​រាយ‌ការណ៍​ជូន​ស្តេច។ ស្តេច​អហាប់​ក៏​ទៅ​ជួប​អេលី‌យ៉េស។

17 កាល​ស្តេច​ឃើញ​អេលី‌យ៉េស​ហើយ គាត់​ក៏​និយាយ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រ‌អែល​រង​គ្រោះ!»។

18 អេលី‌យ៉េស​តប​ថា៖ «ខ្ញុំ​មិន​បាន​នាំ​ឲ្យ​អ៊ីស្រ‌អែល​រង​គ្រោះ​ឡើយ គឺ​ស្តេច និង​រាជ‌វង្ស​វិញ​ទេ​តើ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​កាច​នេះ ព្រោះ​ស្តេច​បោះ​បង់​ចោល​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា​ទៅ​គោរព​បម្រើ​ព្រះ​បាល។

19 ឥឡូវ​នេះ សូម​ប្រមូល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ខ្ញុំ​នៅ​លើ​ភ្នំ​កើមែល ហើយ​ឲ្យ​ព្យាការី​របស់​ព្រះ​បាល ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អាសេរ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិ‌បិល​មក​ជា​មួយ​ដែរ»។


ណាពី​អេលី‌យ៉េស និង​ពួក​ព្យាការី​របស់​ព្រះ​បាល ប្រជែង​គ្នា​នៅ​លើ​ភ្នំ​កើមែល

20 ស្តេច​អហាប់​បាន​ចាត់​គេ​ឲ្យ​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។

21 អេលី‌យ៉េស​ចូល​ទៅ​ជិត​ប្រជា‌ជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ទ្រង់​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ម្ចាស់​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ​ប្រជា‌ជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។

22 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ក្នុង​ចំណោម​ណាពី​របស់អុលឡោះ‌តាអាឡា នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះបាល​វិញ មាន​ដល់​ទៅ​បួន‌រយ​ហា‌សិប​នាក់។

23 ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​ព្យាការី​ទាំង​អស់​ជ្រើស​រើស​យក​គោ​មួយ​ក្បាល​រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀប‌ចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស​តែ​មិន​បង្កាត់​ភ្លើង​ទេ។

24 បន្ទាប់​មក ចូរ​អង្វរ​រក​នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​នាមអុលឡោះ‌តាអាឡា​ដែរ។ ប្រសិន​បើ​អុលឡោះឬ ព្រះ​របស់​អ្នក​ឆ្លើយ​តប​ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ បញ្ជាក់​ថា អុលឡោះឬ ព្រះ​នោះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ»។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។

25 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស​រើស​យក​គោ​បា​មួយ​ក្បាល​សម្រាប់​អស់​អ្នក ហើយ​ចាប់​ផ្តើម​មុន​ចុះ ដ្បិត​អស់​អ្នក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​នាម​នៃ​ព្រះ​របស់​អស់​អ្នក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។

26 ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្តើម​អង្វរ​រក​នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់​ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។

27 លុះ​ដល់​ថ្ងៃ​ត្រង់ អេលី‌យ៉េស​ក៏​ចំអក​ទៅ​ពួក​គេ​ថា៖ «ចូរ​ខំ​ប្រឹង​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​ព្រះ​បាល​ជា​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​កំពុង​ជាប់​រវល់ ឬ​មាន​កិច្ចការ​អ្វី​ហើយ ឬ​កំពុង​តែ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់។ ដូច្នេះ ត្រូវ​ដាស់​ព្រះ​ឲ្យ​ក្រោក​ឡើង!»។

28 ពួក​គេ​ស្រែក​អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យក​ចុង​ដាវ និង​ចុង​លំពែង​ឆូត​លើ​សាច់ តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ពេញ​ខ្លួន។

29 លុះ​ដល់​ថ្ងៃ​ជ្រេរ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ជូន​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។

30 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​ទៅ​ជិត​គាត់។ អេលី‌យ៉េស​សង់​អាសនៈ​របស់អុលឡោះ‌តាអាឡា ដែល​គេ​រំលំ​ចោល​ឡើង​វិញ។

31 គាត់​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​យ៉ាកកូប។ គឺ​យ៉ាកកូប​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល»។

32 អេលី‌យ៉េស​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ​សង់​អាសនៈ​មួយ​ជូន​នាមអុលឡោះ‌តាអាឡា រួច​គាត់​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។

33 គាត់​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ​ដាក់​ពី​លើ​អុស​នោះ។

34 គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​គូរបាន​ដុត និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ បន្ទាប់​មក​គាត់​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​គាត់។ រួច​ហើយ​គាត់​ប្រាប់​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្តង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​គាត់​ជា​លើក​ទី​បី។

35 ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។

36 លុះ​ដល់​ពេល​ធ្វើ​គូរបាន​វេលា​ល្ងាច អេលី‌យ៉េស​ចូល​មក​ជិត​អាសនៈ ហើយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ទ្រង់​ពិត​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ តាម​បញ្ជា​របស់​ទ្រង់។

37 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​ទទួល​ស្គាល់​ថា ទ្រង់​ពិត​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ ឲ្យ​វិល​មក​រក​ទ្រង់​វិញ​បាន»។

38 ខណៈ​នោះ​ស្រាប់​តែ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ធ្លាក់​ចុះ​មក ឆេះ​គូរបាន​ដុត ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។

39 កាល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «គឺអុលឡោះ‌តាអាឡា​ហើយ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ!»។

40 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជា‌ជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​អេលី‌យ៉េស​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​គាត់​ក៏​អារ​ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។


ភ្លៀង​បង្អុរ​ចុះ​មក​សា​ជា​ថ្មី

41 អេលី‌យ៉េស​ជម្រាប​ស្តេច​អហាប់​ថា៖ «សូម​ស្តេច​អញ្ជើញ​ពិសា ដ្បិត​ខ្ញុំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។

42 ស្តេច​អហាប់​ក៏​ទៅ​ពិសា។ រីឯ​អេលី‌យ៉េស​វិញ គាត់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។

43 គាត់​ប្រាប់​អ្នក​បម្រើ​របស់​គាត់​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បម្រើ​នោះ​ក៏​ឡើង​ទៅ ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ឃើញ​អ្វី​ទេ!»។ អេលី‌យ៉េស​ប្រាប់​អ្នក​បម្រើ ឲ្យ​ឡើង​ទៅ​មើល​ដូច្នេះ ចំនួន​ប្រាំ​ពីរ​ដង។

44 នៅ​លើក​ទី​ប្រាំ​ពីរ អ្នក​បម្រើ​ជម្រាប​អេលី‌យ៉េស​ថា៖ «ខ្ញុំ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ អេលី‌យ៉េស​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​អហាប់​ឲ្យ​ទឹម​រទេះ ហើយ​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។

45 ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ស្តេច​អហាប់​ឡើង​រទេះ ចូល​ទៅ​ក្រុង​យេស‌រាល។

46 អេលី‌យ៉េស​យក​ក្រណាត់​ក្រវាត់​ចង្កេះ ស្រាប់​តែ​គាត់​ពោរ‌ពេញ​ដោយ​អំណាច​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​រត់​ពី​មុខ​រទេះ​ស្តេច​អហាប់ រហូត​ដល់​ច្រក​ចូល​ក្រុង​យេសរាល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម