ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អែសរ៉ា 9 - អាល់គីតាប អាល់គីតាប
អែសរ៉ា 9

ជន‌ជាតិ​យូដា​ដែល​រៀប‌ការ​ជា​មួយ​សាសន៍​ដទៃ

1 ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជា‌ជន​អ៊ីស្រ‌អែល ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អេស៊ីប និង​ជន‌ជាតិ​អាម៉ូរី។

2 ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន‌ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏‌វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។

3 ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។

4 អស់​អ្នក​ដែល​ខ្លាច​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដាក់​ទោស​ជន‌ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ជូន​ជំនូន​ល្ងាច។

5 លុះ​ដល់​ពេល​ជូន​ជំនូន​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ

6 ដោយ​ទូរអា‌អង្វរ​ថា៖ «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ទ្រង់​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។

7 តាំង​ពី​ជំនាន់​ដូន‌តា​របស់​យើង​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ មាន​កំហុស​ធ្ងន់​ណាស់។ ដោយ‌សារ​តែ​អំពើ​អាក្រក់​នេះ​ហើយ បាន​ជា​ទ្រង់​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​អ៊ីមុាំ​របស់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ប្រជា‌ជាតិ​នានា។ ពួក​គេ​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​មុខ​ដាវ កៀរ​យើង​ខ្ញុំ​យក​ទៅ​ជា​ឈ្លើយ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​សព្វ​ថ្ងៃ។

8 ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ បាន​សំដែង​ចិត្ត​ប្រណី‌សន្ដោស​មក​លើ​យើង​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ​របស់​ទ្រង់។ ទោះ​បី​យើង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្ដី ក៏​ម្ចាស់​នៃ​យើង​ខ្ញុំ​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​ភ្លឺ​ភ្នែក និង​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ធូរ​ស្រាល​ឡើង​វិញ។

9 យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ពុំ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ទ្រង់​សំដែង​ចិត្ត​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​មុខ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ទ្រង់​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​សង់​ដំណាក់​របស់​ទ្រង់​ឡើង​វិញ ជួស‌ជុល​កន្លែង​បាក់​បែក ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​ទី​ជំរក​ដ៏​រឹង‌មាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។

10 ឥឡូវ​នេះ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​ពោល​ដូច​ម្ដេច? ដ្បិត​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ

11 គឺ​បទ‌បញ្ជា​ដែល​ទ្រង់​ប្រទាន​ដល់​យើង​ខ្ញុំ តាម​រយៈ​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​មក​យើង​ខ្ញុំ​ជា​មុន​ថា “ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​មិន​បរិសុទ្ធ ដ្បិត​ជាតិ​សាសន៍​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ គួរ​ស្អប់​ខ្ពើម​ពាស‌ពេញ​ក្នុង​ស្រុក។

12 ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​បាន​សុខ និង​ចំរុង​ចំរើន​ក្ដី កុំ​រវី‌រវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគ‌ផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរ‌មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។

13 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​បែប​នេះ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់​របស់​យើង​ខ្ញុំ។ ប៉ុន្តែ ទ្រង់​ពុំ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ឲ្យ​សម​នឹង​កំហុស​របស់​យើង​ខ្ញុំ​ឡើយ គឺ​ទ្រង់​បាន​ទុក​ឲ្យ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​នៅ​សេស‌សល់។

14 យើង​ខ្ញុំ​ពុំ​អាច​រំលោភ​លើ​បទ‌បញ្ជា​របស់​ទ្រង់ ដោយ​ទៅ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ទៀត​ទេ។ បើ​មិន​ដូច្នោះ​ទេ ទ្រង់​មុខ​ជា​ខឹង​ទាស់​នឹង​ពួក​យើង​ខ្ញុំ រហូត​បំផ្លាញ​យើង​ខ្ញុំ​ឲ្យ​វិនាស​សូន្យ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​ឡើយ។

15 ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ជា​ម្ចាស់​ដ៏​សុចរិត ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​សេស‌សល់។ យើង​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​បាប។ ធម្មតា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ មិន​អាច​ឈរ​នៅ​ចំពោះ​ទ្រង់​បាន​ឡើយ»។

© 2014 United Bible Societies, UK.

United Bible Societies