អែសរ៉ា 10 - អាល់គីតាបជនជាតិអ៊ីស្រអែលលែងប្រពន្ធដែលជាសាសន៍ដទៃ 1 ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។ 2 ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជម្រាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់អុលឡោះដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ជនជាតិអ៊ីស្រអែលនៅតែមានសង្ឃឹម។ 3 យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។ 4 សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។ 5 លោកអែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំ ក្រុមអ៊ីមុាំ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រអែលទាំងមូល ឲ្យស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។ 6 បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខដំណាក់របស់អុលឡោះហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ គាត់មិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតគាត់នៅតែសោកសង្រេង ដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។ 7 បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់ឲ្យអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។ 8 អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងអះលីជំអះ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រអែល។ 9 ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងពុនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃ ក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខដំណាក់របស់អុលឡោះ។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។ 10 អ៊ីមុាំអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់អុលឡោះដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើឲ្យជនជាតិអ៊ីស្រអែលរឹតតែមានទោស។ 11 ឥឡូវនេះ ចូរលន់តួបាបនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមទ្រង់។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។ 12 សហគមន៍ទាំងមូលឆ្លើយតប ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក! 13 ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញទៀត កិច្ចការនេះពុំអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។ 14 សូមឲ្យមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលអះលីជំអះ និងអ្នកគ្រប់គ្រងក្រុងនីមួយៗ បានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែកំហឹងរបស់អុលឡោះជាម្ចាស់នៃយើងខ្ញុំបានស្ងប់»។ 15 មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសម្រេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និងលោកសាប់ថាយ ពីក្រុមលេវី។ 16 ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ អ៊ីមុាំអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ 17 នៅថ្ងៃទីមួយ ក្នុងខែទីមួយ គេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នក ដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។ បញ្ជីឈ្មោះជនជាតិយូដាដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃ 18 ក្នុងចំណោមក្រុមអ៊ីមុាំ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។ 19 ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយជូនចៀមឈ្មោលមួយជាគូរបានរំដោះបាប។ 20 បន្ទាប់មក មានកូនចៅលោកអ៊ីមមើរ គឺលោកហាណានី និងលោកសេបាឌា 21 កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអ៊ូស៊ីយ៉ា 22 កូនចៅលោកប៉ាសហ៊ើរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និងលោកអេឡាសារ។ 23 ក្នុងចំណោមក្រុមលេវីមានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និងលោកអេលាស៊ើរ។ 24 ក្នុងចំណោមក្រុមចំរៀងមានលោក អេលី-យ៉ាស៊ីប។ ក្នុងចំណោមក្រុមយាមទ្វារមានលោកសាលូម លោកថេលែម និងលោកអ៊ូរី។ 25 ក្នុងចំណោមជនជាតិអ៊ីស្រអែល: កូនចៅលោកប៉ារ៉ូសមានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និងលោកបេណាយ៉ា។ 26 កូនចៅលោកអេឡាំមានលោកម៉ាថានា លោកសាការីយ៉ា លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។ 27 កូនចៅលោកសាធូមានលោកអេលីយ៉ូណៃ លោកអេលីយ៉ាស៊ីប លោកម៉ាថានា លោកយេរេម៉ុត លោកសាបាដ និងអស៊ីសា។ 28 កូនចៅលោកបេបៃមានលោកយ៉ូហាណាន លោកហាណានា លោកសាប់បាយ និងលោកអ័តឡាយ។ 29 កូនចៅលោកបានីមាន លោកមស៊ូឡាំ លោកម៉ាលូក លោកអដាយ៉ា លោកយ៉ាស៊ូប លោកស្អាល និងលោករ៉ាម៉ូត។ 30 កូនចៅលោកប៉ាហាត់-ម៉ូអាប់មាន លោកអាដណា លោកកេឡាល លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាថានា លោកបេសាលាល លោកប៊ីនុយ និងលោកម៉ាណាសេ។ 31 កូនចៅលោកហារីមមានលោកអេលាស៊ើរ លោកយីសយ៉ា លោកម៉ាល់គា លោកសេម៉ាយ៉ា លោកស៊ីម្មាន 32 លោកពុនយ៉ាមីន លោកម៉ាលូក និងលោកសេម៉ារីយ៉ា។ 33 កូនចៅលោកហាស៊ូមមានលោកម៉ាថ្នាយ លោកម៉ាត់ថាត់ថា លោកសាបាដ លោកអេលីផាលេត លោកយេរេម៉ៃ លោកម៉ាណាសេ និងលោកស៊ីម៉ៃ។ 34 កូនចៅលោកបានីមាន លោកម៉ាដាយ លោកអាំរ៉ាម លោកអ៊ូអែល 35 លោកបេណាយ៉ា លោកបេឌីយ៉ា លោកកេលូហ៊ូវ 36 លោកវ៉ានីយ៉ា លោកម្រេម៉ុត លោកអេលីយ៉ាស៊ីប 37 លោកម៉ាថានា លោកម៉ាថ្នាយ លោកយាសាយ 38 លោកបានី លោកប៊ីនុយ លោកស៊ីម៉ៃ 39 លោកសេលេមា ណាថាន លោកអដាយ៉ា 40 លោកម៉ាក់ណាដបៃ លោកសាសៃ លោកសារ៉ៃ 41 លោកអសារាល លោកសេលេមា លោកសេម៉ារីយ៉ា 42 លោកសាលូម លោកអម៉ារា និងលោកយ៉ូសែប។ 43 កូនចៅលោកនេបូមានលោកយីអែល លោកម៉ាធិធា លោកសាបាដ លោកសេប៊ីណា លោកយ៉ាដៃ លោកយ៉ូអែល និងលោកបេណាយ៉ា។ 44 អ្នកទាំងនេះបានរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយមួយចំនួនមានកូនទៀតផង៕ |
© 2014 United Bible Societies, UK.
United Bible Societies